ទិវាជាតិនៃការចងចាំ៖អភិបាលខេត្តស្វាយរៀងអំពាវនាវឱ្យប្រឆាំងដាច់ខាតពួកជ្រុលនិយមមួយចំនួន
ស្វាយរៀង៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀងត្រូវប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយមមួយចំនួនដែលល្មោភអំណាចនិងបំភ្លៃប្រវត្តិសាស្ត្រពិសេសទិវាជ័យជម្នះ ៧ មករា។ឯកឧត្តមថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា ស្ថិតនៅបរិវេណស្តូបគោរពវិញ្ញាណក្ខន្ធ នៃភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងកាលពីព្រឹកថ្ងៃទី ២០ខែឧសភាឆ្នាំ ២០២៤។
ក្នុងពិធីដែលចូលរួមដោយកងរាជអាវុធហត្ថខេត្ត យោធាតំបន់ប្រតិបត្តិការសឹករងខេត្ត មន្រ្តីរាជការនានានៃមន្ទីរ អង្គភាពនានា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ,ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវខ្លឹមសារសំខាន់ៗដើម្បីរំលឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់របស់ប្រជាជនកម្ពុជាក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាសារមួយនៃការចងចាំដល់ប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តមបានអំពាវនាវ ឱ្យប្រែក្លាយស្មារតីចងចាំទៅជាការខិតខំប្រឹងប្រែងការពារ ស្ថាបនាមាតុភូមិកម្ពុជាឱ្យកាន់តែសម្បូរសប្បាយ និងរីកចម្រើនរុងរឿងជានិរន្តន៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ដឹងគុណជានិច្ចដោយមិនអាចបំភ្លេចបាននូវទិវាជ័យជម្នះ៧មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យរស់រានមានជីវិតឡើងវិញ។
ឯកឧត្តមបានបន្តដោយរំលឹកឱ្យពង្រឹងពង្រីកសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ និងចូលរួមអនុវត្តកម្មវិធីនយោបាយបញ្ចកោណដំណាក់កាលទី១របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។ចូលរួម ការពារឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម៕
ដោយ៖នុត នាង