ទូតឥណ្ឌា ៖ សុបិន នៃការភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា បានក្លាយជាការពិត ដែលនឹងជួយឱ្យទំនាក់ទំនង ក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ

(ភ្នំពេញ)៖ ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកទី២០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា សុបិននៃការភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌា មកកម្ពុជា បានក្លាយជាការពិត ដែលនឹងជួយឱ្យទំនាក់ទំនង ក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចកំពុងតាមដានដំណើរការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យមួយ ដោយបានសម្ដែងការពេញចិត្តចំពោះការវិវត្តប្រកបដោយភាពរលូន នៃការបោះឆ្នោត ដែលបង្ហាញពីភាពជោគជ័យដ៏ធំធេង នៃប្រទេសប្រជាធិបតេយ្យដ៏ធំមួយនៅលើសកលលោក។

លោកជំទាវ ឯកអគ្គរដ្ឋទូត បានសម្តែងការពេញចិត្ត និងកោតសរសើរផងដែរចំពោះទស្សនៈវិស័យ និងការគិតគូរប្រកបដោយភាពច្បាស់លាស់ របស់សម្ដេចតេជោ ក្នុងការលះបង់អំណាច ដើម្បីផ្ទេរដល់អ្នកជំនាន់ក្រោយ ហើយប្រកបដោយភាពរលូន។ ពិសេសពេញចិត្តចំពោះរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណាក៏ដោយ លោកជំទាវនៅតែចាត់ទុកសម្តេចតេជោ ជាមគ្គុទេសក្នុងការដឹកនាំប្រទេសកម្ពុជា នាពេលកន្លងមក ឱ្យមានប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍រីកចម្រើន។

លោកជំទាវ បន្តថា ក្នុងទំនាក់ទំនងជាង ៦០ឆ្នាំកន្លងមកនេះ ដំណើរព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា គឺជាព្រះរាជទស្សនកិច្ចកំពូល ហើយលោកជំទាវក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានផ្ដួចផ្ដើមគំនិតឲ្យមានព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ ដូចជាការផ្ដួចផ្ដើមឲ្យមានដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោកនាពេលនោះ ទៅកាន់ប្រទេសឥណ្ឌាផងដែរ ។

លោកជំទាវក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដួចផ្ដើមឲ្យមានការតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ដែលនឹងដំណើរការក្នុងពេលឆាប់ៗនេះ ដោយលោកជំទាវចាត់ទុកថា សុបិនរបស់យើងបានក្លាយជាការពិត ដែលទាំងអស់នេះ នឹងជួយឲ្យទំនាក់ទំនងរវាងប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធ ជាពិសេស ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មានជំនឿជឿទុកចិត្តគ្នាបន្ថែមទៀត ក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ ។

លោកជំទាវក៏បានអរគុណសម្តេចតេជោ ដែលបានជូនពរដល់ការបោះឆ្នោតនៅប្រទេសឥណ្ឌា ហើយលោកជំទាវសង្ឃឹមថា ក្រោយការបោះឆ្នោតរដ្ឋាភិបាលថ្មីរបស់ឥណ្ឌា នឹងមានទំនាក់ទំនងល្អបន្តទៀតជាមួយនឹងកម្ពុជា។

សម្ដេចតេជោ បានអបអរសាទរដែលប្រទេសឥណ្ឌា ខិតខំបង្កើតឲ្យមានព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា យាងទៅកាន់ប្រទេសឥណ្ឌា ហើយសម្ដេចតេជោបានចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ នៃទំនាក់ទំនងកម្ពុជា និងឥណ្ឌា ។

សម្ដេចតេជោ បានរំលឹកថា នៅក្នុងឆ្នាំ១៩៧៩ ក្រោយប្រទេសកម្ពុជា ត្រូវបានរំដោះពីរបបប៉ុលពត ពេលនោះ ប្រទេសឥណ្ឌា គឺជាប្រទេសប្រជាធិបតេយ្យតែមួយគត់ នៅលើសកលលោក ដែលបានទទួលស្គាល់កម្ពុជា នៅពេលដែលប្រទេសដទៃទៀត ទាំងលោកខាងលិច ទាំងអឺរ៉ុប មានភាពច្របូកច្របល់នាំគ្នាដាក់ទណ្ឌកម្មទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ការទូត មកលើកម្ពុជា ដែលទើបតែរំដោះពីរបបប្រល័យពូជសាសន៍។

សម្ដេចបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសឥណ្ឌា នារយៈពេលកន្លងទៅនេះ បានបង្ហាញពីការទទួលយកពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា។

សម្ដេចតេជោ ក៏បានរំលឹកពីតួនាទីរបស់កម្ពុជា ក្នុងការនាំឥណ្ឌា ចូលមកក្នុងអាស៊ាន ដែលយើងធ្លាប់ធ្វើជាសហប្រធានរួមគ្នា ក្នុងខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ក្នុងឆ្នាំ២០១២ ហើយការរីកចម្រើនរបស់ឥណ្ឌា ត្រូវបានចាត់ទុកជាសសរទ្រូងដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់វិបត្តិនៅតំបន់អាស៊ីផងដែរ។

សម្ដេចបានគាំទ្រឥណ្ឌា ហើយចាត់ទុកឥណ្ឌា ដែលមានប្រជាជនច្រើន មានសេដ្ឋកិច្ចរីកលូតលាស់ ហើយតួនាទីរបស់ឥណ្ឌា គួរតែក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ សម្ដេចតេជោក៏បានអរគុណឥណ្ឌា ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដែលកន្លងទៅបានផ្ដល់អាហារូបករណ៍ដល់មន្ត្រីកម្ពុជាជាច្រើនអ្នកទៅបន្តការសិក្សានៅប្រទេសឥណ្ឌា។

សម្ដេចក៏បានអរគុណដល់ឥណ្ឌា ដែលបានធ្វើជាសហប្រធាន ICC ព្រះវិហារ ដែលជាការជួយថែរក្សាបេតិកភណ្ឌវប្បធម៌ ដ៏អស្ចារ្យរបស់កម្ពុជា។ សម្ដេចតេជោ ក៏បានអបអរសាទរផងដែរចំពោះការតភ្ជាប់ហោះហើរត្រង់ រវាងរដ្ឋធានីនៃប្រទេសទាំងពីរ ដែលទាំងនេះ នឹងជំរុញឲ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែមានភាពជិតស្និទ្ធ និងល្អប្រសើរបន្ថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner