ពលរដ្ឋស្រុកសន្ទុក ចងចាំមិនភ្លេច នៃមហាឧក្រិដ្ឋកម្មរបបប្រល័យពូជសាសន៍ ប៉ុលពត និងដឹងគុណថ្ងៃ ៧មករា ដែលបានសង្គ្រោះជាតិ និងប្រជាជន

(កំពង់ធំ)៖ ប្រជាពលរដ្ឋក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ចងចាំមិនភ្លេច នៃមហាឧក្រិដ្ឋកម្មរបបកម្ពុជាប្រជាធិបតេយ្យ បានបង្កើតឡើងចំពោះមាតុភូមិ និងប្រជាជនកម្ពុជា នឹងដឹងគុណជានិច្ចចំពោះមហាគុណូបការៈនៃជ័យជម្នះ ៧មករា ដែលបានសង្គ្រោះជាតិ និងប្រជាជនឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ ។

ជាក់ស្ដែងប្រជាពលរដ្ឋរាប់រយនាក់ នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានចូលរួមទិវាជាតិនៃការចងចាំ ២០ឧសភា ក្រោមវត្តមានឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង តំណាងលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ។

ទិវាជាតិនៃការចងចាំ ២០ឧសភា គឺជាព្រឹត្តិការណ៍ប្រជាជនកម្ពុជាចង់ចាំជានិច្ច ជាពិសេសប្រជាជនដែលមានអាយុលើសពី ៤៥ឆ្នាំឡើងទៅ សុទ្ធតែជាជនរងគ្រោះ និងជាសាក្សីផ្ទាល់ នៃមហាឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ ដែលបានធ្វើឲ្យប្រជាជនយើងបាត់បង់ជីវិតអស់ជាង ៣លាននាក់ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ នៃមហាឧក្រិដ្ឋកម្ម ដែលរបបកម្ពុជាប្រជាធិបតេយ្យ បានបង្កើតឡើងចំពោះមាតុភូមិ ។

ឯកឧត្ដម ស៊ុំ សន្និសិទ្ធ បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសជាតិជួបប្រទះគ្រោះអាសន្ននេះ មានតែបក្សប្រជាជនបដិវត្តន៍ខ្មែរ បច្ចុប្បន្ន គឺគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលកាលនោះ ទោះបីរបបបនប៉ុលពត បង្ក្រាបស្ទើររលំរលាយ ក៏បក្សនៅតែបន្តជ្រោងខ្ពស់ទង់ស្នេហាជាតិដ៏បរិសុទ្ធ ប្រមូលផ្តុំកម្លាំងដែលនៅសេសសល់ បង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងអំពាវនាវសុំជំនួយពីបណ្តាប្រទេសជាមិត្ត វាយបណ្ដេញបនប្រល័យពូជសាសន៍ ហើយរំដោះប្រទេសជាតិ និងប្រជាជនបានទាន់ពេលវេលា នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ។

ជាមួយនេះ ប្រជាជនស្រុកសន្ទុក ក៏ដូចប្រជាជននៅទូទាំងប្រទេស បានថ្លែងនូវការដឹងគុណជានិច្ច ចំពោះការរំដោះ មាតុភូមិ ឱ្យរួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍នេះ ដោយមានតែបក្សប្រជាជនកម្ពុជាមួយគត់ ដែលនៅតស៊ូ រួមសុខ រួមទុក្ខ ចែករំលែកការលំបាកជាមួយប្រជាជន ដោយបានដឹកនាំឆ្លងកាត់នូវគ្រប់ពុះពារឧបសគ្គ ដោយដៃម្ខាងកាន់អាវុធប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលមកវិញ នៃរបបប្រល័យពូជសាសន៍ ដៃម្ខាងទៀតស្តារ និងកសាងជីវភាពរបស់ប្រជាជន ស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម ដែលត្រូវបនប៉ុលពតបំផ្លិចបំផ្លាញដល់ប្ញសគល់។ បច្ចុប្បន្នក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ស្ថិតក្រោមម្លប់សន្តិភាព បានធ្វើឲ្យកម្ពុជា កំពុងបោះជំហ៊ានទៅមុខ ប្រកបដោយភាពរីកចម្រើនឥតឈប់ឈរ ។

ក្នុងពិធីនេះដែរ ក៏មានរៀបចំពិធីបង្សុកូល រាប់បាត្រព្រះសង្ឃ ឧទ្ទិសកុសលជូនដល់លោកឪពុកអ្នកម្តាយ បងប្អូនជន រួមជាតិទាំងអស់ ដែលបានរងគ្រោះបាត់បង់ជីវិតដោយអំពើប្រល័យពូជសាសន៍ និងរំលឹកឡើងវិញ នូវមហាឧក្រិដ្ឋកម្មដែលបន ប្រល័យពូជសាសន៍ប៉ុលពតបានបង្កឡើង និងគុណូបការៈដ៏ធំធេងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងគណបក្សប្រជាជន កម្ពុជា ដែលបានជួយរំដោះជាតិនិងប្រជាជនយើងឲ្យរួចផុតពីមហាឧក្រិដ្ឋកម្មនោះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner