លោក ពូទីន ហៅលោក រ៉ៃស៊ី ជា “មេដឹកនាំអ៊ីរ៉ង់ដ៏ឆ្នើម”
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ បានចាត់ទុកប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ថា ជា “អ្នកនយោបាយឆ្នើម” ហើយថា មរណភាពរបស់លោក ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ គឺជា “ការបាត់បង់គ្មានអ្វីជំនួសបាន”។
លោក ពូទីន បាននិយាយនៅក្នុងលិខិតមួយផ្ញើជូនមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ដែលបានចុះផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងថា លោក រ៉ៃស៊ី គឺជាអ្នកនយោបាយដ៏ឆ្នើម ដែលពេញមួយជីវិតរបស់លោកបានលះបង់ដើម្បីបម្រើប្រទេសកំណើតរបស់គាត់។
លោក ពូទីន បន្តថា ក្នុងនាមជាមិត្តពិតរបស់រុស្ស៊ី លោក រ៉ៃស៊ី បានចូលរួមចំណែកផ្ទាល់ខ្លួនដ៏មានតម្លៃ ក្នុងការអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងល្អរវាងប្រទេសរបស់យើង ហើយបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីនាំប្រទេសទាំងពីរទៅកាន់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រ។
មេដឹកនាំវិមានក្រឹមឡាំងរូបនេះបន្ថែមថា រូបលោកកំពុងផ្ញើសាររំលែកទុក្ខដល់លោក Khamenei និងប្រជាជនអ៊ីរ៉ង់ នៅចំពោះមុខការបាត់បង់ដ៏ធ្ងន់ធ្ងរ និងគ្មានអ្វីជំនួសបាន។ អ៊ីរ៉ង់បានក្លាយជាសម្ព័ន្ធមិត្តនយោបាយដ៏សំខាន់មួយរបស់រុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូបានបើកការវាយលុកអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ដោយទីក្រុងតេហេរ៉ង់បានផ្គត់ផ្គង់បច្ចេកវិទ្យាយន្តហោះដ្រូនសំខាន់ៗ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា