បណ្ឌិត គិន ភា៖ ជនជាតិវៀតណាមមួយចំនួនព្យាយាមចាក់ទឹកត្រីលើដំបៅចាស់!
ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំង ពេលបើកមើលមតិយោបល់លើវីដេអូដែលសម្តេចបានបង្ហោះក្នុងបណ្ដាញសង្គម Tik Tok ដែលត្រូវបានជនជាតិវៀតណាមរាប់សិបនាក់ចូលមកជេរ។ ការជេរប្រមាថសម្តេចតេជោ តាម Tik tok ដោយជនជាតិវៀតណាមមួយចំនួននេះ ធ្វើឡើង ក្រោយពេលដែលសម្តេចបាននិយាយរឿងព្រែកជីកហ្វូណនតេជោ។ សម្តេចតេជោបានសម្តែងចម្ងល់ថា តើជនជាតិវៀតណាមទាំងនោះជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬ អាណិកជនវៀតណាម នៅកម្ពុជា ឬក៏បងប្អូនខ្មែរក្រោមដែលមានគណនី Tik Tok និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរផង។ ជាមួយនឹងការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ សម្តេចបានស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការ ជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលទៅជេរប្រមាថសម្តេចជាអ្នកណា?
បណ្ឌិត គិន ភា បានបញ្ជាក់ថា ឥរិយាបថរបស់ជនជាតិវៀតណាមដែលចូលមកជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំ ដ៏គួរឱ្យគោរពបំផុតរបស់កម្ពុជា គឺជាឥរិយាបថមួយមិនអាចទទួលយកបាន, ច្រឡោងខាម, ខ្វះការគោរព ចំពោះទំនាក់ទំនងជាប្រពៃណីក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ, មិនគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា, ខ្វះចំណេះដឹងប្រវត្តិសាស្ត្រអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។
បណ្ឌិត គិន ភា បានសង្កត់ធ្ងន់ថា ក្នុងប្រវត្តិសាស្ត្រកម្ពុជាបានបាត់បង់ទឹកដី ច្រើនណាស់ទៅប្រទេសវៀតណាម។ ដែនដីកម្ពុជាក្រោម រាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង ដែលមានពលរដ្ឋជាដើមកំណើតខ្មែររាប់លាននាក់រស់នៅទីនោះ , និងកោះត្រល់ ដែលជាកោះគុជដ៏ឆើតឆាយ ដែលមានចម្ងាយតែជាង១០ គីឡូ ពី ក្រុងកែប ក៏ត្រូវបានគ្រប់គ្រងដោយប្រទេសវៀតណាមដែរ។ កម្ពុជាក្រោមក្តី កោះត្រល់ក្តី ទោះបីបាត់បង់ ក្នុងសម័យកាលណា ក៏ដោយ ក៏ប្រជាជនកម្ពុជាជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅតែមានការឈឺចាប់ និងស្តាយស្រណោះដែរ គឺ ប្រៀបដូចជា ការបាត់បង់អវយវៈចេញពីរាងកាយដូច្នោះដែរ។ ដូច្នេះ ជនជាតិវៀតណាម ទាំងនោះមិនគួរ យកគម្រោងព្រែកជីកហ្វូណនតេជោរបស់ខ្មែរ ដែលនឹងត្រូវសាងសង់នៅលើទឹកដីខ្មែរ មកបង្កឱ្យមានការឈឺចាប់ដល់ប្រជាជនខ្មែរនោះទេ។ ជនជាតិវៀតណាមទាំងនោះ គួរតែគិតដល់តម្លៃ នៃទំនាក់ទំនងនិងមិត្តភាព ក្នុងភាពជាអ្នកជិតខាងល្អ មិនគួរចាក់ទឹកត្រីទៅលើ ស្នាមរបួសចាស់ ដែលនាំឱ្យ មានការឈឺចាប់កាន់តែខ្លាំងនោះទេ។
បណ្ឌិត គិន ភា បានបន្តទៀតថា តែយ៉ាងណា សង្ឃឹមថា ការជេរប្រមាថរបស់ជនជាតិវៀតណាមទាំងនោះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនោះទេ បើនេះមិនមែនជាការរៀបចំឬជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលវៀតណាម។ យើងនៅតែចងចាំនូវពាក្យស្លោកកាលពីសម័យសង្គ្រាមត្រជាត់ដែលវៀតណាមតែងតែប្រើប្រាស់ដើម្បីលើកតម្កើងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងកម្ពុជានិងវៀតណាមថា «ទោះបីភ្នំ ទ្រឿងសឺង រេចរិល ក៏មិត្តភាព កម្ពុជា-វៀតណាម នៅតែស្ថិតស្ថេររឹងមាំដែរ»។
ដូច្នេះប្រទេសទាំងពីរ ត្រូវចេះរួមរស់ជាមួយគ្នា ដោយសុខសន្តិភាព ការគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់គ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ឱ្យស័ក្តិសមនឹងពាក្យស្លោក នៃទំនាក់ទំនងដែលប្រទេសទាំងពីរ បានអនុម័តគឺ « ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង »។ ប្រទេសទាំងពីរត្រូវត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍បញ្ចសិលាសន្តិសហវិជ្ជមានក្នុងទំនាក់ទំនងរបស់ខ្លួន និងត្រូវទទួលស្គាល់សច្ចភាពប្រវត្តិសាស្ត្រ។ ប្រទេសទាំងពីរមិនត្រូវបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយនោះទេ៕
ដោយ៖ពលជ័យ