ឥណ្ឌាអបអរសាទរការផ្ដួចផ្ដើមការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា (Video Inside)

កម្ពុជា និងឥណ្ឌា បានអបអរសាទរចំពោះការផ្ដួចផ្ដើមឲ្យមានការតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ដែលនឹងជួយឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

ការអបអរសាទរនេះបានធ្វើឡើងក្នុងឱកាសដែលប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅថ្ងៃ ទី២០ខែ ឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

គួរបញ្ជាក់ថាកម្ពុជា និងឥណ្ឌា មានជើងហោះហើរត្រង់ផ្ទាល់ជាលើកដំបូងរវាងប្រទេសទាំង២ តាមរយៈក្រុមហ៊ុនយន្តហោះ Cambodia Angkor Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ទង់ជាតិរបស់កម្ពុជា។

ការហោះហើរដោយត្រង់ផ្ទាល់រវាងប្រទេសទាំង២នេះ បានចាប់ផ្តើមកាលពីថ្ងៃទី១៦ឧសភាកន្លងមកនេះ។ ប៉ុន្តែជើងហោះហើរដទៃទៀត នឹងរំពឹងកើតមាននាអនាគតខាងមុខនេះថែមទៀត។

លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដួចផ្ដើមឲ្យមានការតភ្ជាប់ការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ដែលគ្រោនឹងដំណើរការក្នុងពេលឆាប់ៗនេះ។

លោកជំទាវបានចាត់ទុកថា «សុបិនបានក្លាយជាការពិត» ដែលអ្វីទាំងអស់នេះនឹងជួយឲ្យទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កាន់តែជិតស្និទ្ធ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មានជំនឿជឿទុកចិត្តគ្នាបន្ថែមទៀត ក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

សម្ដេចតេជោ បានអបអរសាទរដែលប្រទេសឥណ្ឌា ខិតខំបង្កើតឲ្យមានព្រះរាជដំណើរទស្សនកិច្ច របស់ព្រះមហាក្សត្រកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា ហើយសម្ដេចតេជោបានចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ នៃទំនាក់ទំនងកម្ពុជា និងឥណ្ឌា។

សម្ដេចបានគាំទ្រឥណ្ឌា ហើយចាត់ទុកឥណ្ឌា ដែលមានប្រជាជនច្រើន មានសេដ្ឋកិច្ចរីកលូតលាស់ ហើយតួនាទីរបស់ឥណ្ឌា គួរតែក្លាយជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។

ads banner