ចាប់មនុស្ស១២នាក់ ក្លែងជាសង្ឃ ដើរបិណ្ឌបាត និងទារលុយ (Video Inside)

សង្ឃក្លែងក្លាយចំនួន ១២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពគ្រងស្បង់ចីពរដើរបិណ្ឌបាត “ប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈ និងការរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ការបង្ក្រាបសង្ឃក្លែងក្លាយនេះ បានធ្វើនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថាប្រជាពលរដ្ឋបានប្រាប់ថា ជនសង្ស័យមួយក្រុម ដែលក្លែងជាសង្ឃនោះ គឺពួកគេកំពុងមានរថយន្តមួយគ្រឿង ដែលចេញធ្វើសកម្មភាពដើរបិណ្ឌបាតតាមខេត្តផ្សេងៗ។

សមត្ថកិច្ចក្រោយការស្រាវជ្រាវ បានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ នៅចំណុចផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ជាមួយនឹងវត្ថុតាងមួយចំនួនទៀត។

វត្ថុតាងដែលដកហូតបានរួមមាន បាត្រចំនួន៤ សម្រាប់ស្ពាយដើរបិណ្ឌបាត្រយកប្រាក់, ថង់យាមចំនួន៦, ស្បង់ចីពរចំនួន៣, រថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាហាយលែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ2BC-6480 និងសមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌ស ថ្លា សង្ស័យជាគ្រឿងញៀន នៅក្នុងបំពង់ទុយោបឺត និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

ក្រុមជនសង្ស័យទាំង ១២នាក់នោះ បានឆ្លើយសារភាព ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកស្បង់ចីពររបស់ព្រះសង្ឃ មកស្លៀកពាក់ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត “យកប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ ត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ads banner