ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី«យុទ្ធនាការកាត់ បន្ថយការ ប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»កម្មវិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានអបអរសាទរចំពោះការចុះអនុស្សរណៈដែលភាគីទាំងពីរ សម្រេច បានជាផ្លូវការនាពេលនេះដើម្បីជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមសហគ្រាស គ្រឹះស្ថាន ខណៈដែលក្រសួងទាំងពីរធ្លាប់ធ្វើការរួមគ្នារួចហើយ តាមរយៈយន្តការអធិការកិច្ចនៅតាមរោងចក្រសហគ្រាសដើម្បីធានាពីបរិយាកាសល្អសម្រាប់កម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស។

សម្រាប់ឯកឧត្តរដ្ឋមន្ត្រី ការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងបង្ហាញជាផ្លូវការពីកិច្ចសហការរបស់ក្រសួងទាំងពីរក្នុងការធានានូវបរិយាកាសកន្លែងធ្វើការនៅតាមសហគ្រាស គ្រឹះស្ថានដែលមានលក្ខណៈសមរម្យ ជួយជំរុញកំណើនប្រសិទ្ធភាព និងផលិតភាពការងារ។ មួយវិញទៀតស្មារតីនៃការចុះអនុស្សរណៈនេះ នឹងជំរុញការចូលរួមកាត់បន្ថយផលប៉ះពាល់នៃសំណល់ប្លាស្ទិកដែលបាននិងកំពុងប្រើប្រាស់ក្នុងសង្គមតាមរយៈជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកំពុងបង្កហានិភ័យដល់បរិស្ថាន។

ដោយឡែកឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន អ៊ាង សុផល្លែត ក៏បានបង្ហាញពីក្តីសោមនស្សរីករាយចំពោះការចុះអនុស្សរណៈរបស់ក្រសួងទាំងពីរដើម្បីធ្វើឱ្យកម្ពុជាឈានមុខជាលំដាប់លើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅទូទាំងប្រទេសមួយកម្រិតទៀត។

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន បានលើកឡើងពីយុទ្ធសាស្ត្រចក្រារបស់ក្រសួងដែល ស្របទៅ តាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យកម្ពុជា ស្អាត តាមរយៈការដាក់ចេញនូវយុទ្ធនាកា គ្មានថង់ប្លាស្ទិក និងយុទ្ធនាការដាំកូនឈើមួយលានដើម ក្នុងមួយឆ្នាំ រួមទាំងយុទ្ធនាការផ្សេងៗទៀតជាដើម។

យ៉ាងណាក៏ដោយឯកឧត្តម ហេង សួរ បានកត់សម្គាល់ថា ដើម្បីជំរុញកិច្ចការងារនេះជោគ ជ័យ បាន លុះត្រាណាតែមានការចូលរួមសហការយ៉ាងជិតស្និទ្ធបំផុតពីវិស័យឯកជន ដែល តំណាងឱ្យភាគីថៅកែរោងចក្រ និងភាគីកម្មករនិយោជិតផ្ទាល់បន្ថែមលើអ្វីដែលរាជរដ្ឋាភិ បាល បានដាក់ចេញនូវយុទ្ធនាការ៕

ប្រភព ៖ ក្រសួងការងារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner