នាយករដ្ឋមន្ត្រីវៀតណាម បរិច្ចាគសរីរាង្គ

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចុះឈ្មោះបរិច្ចាគសរីរាង្គរបស់លោក ក្រោយពេលដែលលោកត្រូវទទួលមរណភាព ហើយបានអំពាវនាវឱ្យប្រជាជន ស្ម័គ្រចិត្តធ្វើបែបនេះ ដើម្បីជួយជីវិតអ្នកដទៃ។ នេះបើតាមកាសែត VNexpress។
 
នៅក្នុងព្រឹត្តិការណ៍ផ្តើមយុទ្ធនាការបរិច្ចាគសិរីរាង្គ របស់ក្រសួងសុខាភិបាល កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីវៀតណាមរូបនេះ បានលើកឡើងថា «ការបរិច្ចាគសរីរាង្គ និងជាលិកា គឺជាអំណោយដ៏មានតម្លៃបំផុតដែលមនុស្សម្នាក់ៗ អាចផ្តល់ដល់អ្នកដទៃបាន»។
 
វៀតណាមទទួលបានជោគជ័យលើកដំបូង លើការវះកាត់ប្តូរសរីរាង្គ កាលពី ៣០ឆ្នាំមុន។ ចាប់តាំងឆ្នាំ ១៩៩២មក មានការប្តូរសរីរាង្គជាង ៨៦០០ លើក នៅទូទាំងប្រទេស។ ជាង៧៩០០ លើក គឺជាករណីប្តូរក្រលៀន, ជាង ៥៩០លើក គឺជាករណីប្តូរថ្លើម ហើយនៅសល់ប៉ុន្មានទៀត គឺជាការប្តូរបេះដូង សួត និងការប្តូរសរីរាង្គច្រើន ផ្សេងទៀត។
 
បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានអ្នកបរិច្ចាគជាលិកា និងសរីរាង្គរាប់ពាន់នាក់ រួចមកហើយ ខណៈដែលមនុស្សជាង ៨៦០០០ នាក់បានចុះឈ្មោះបរិច្ចាគ។ ប៉ុន្តែមន្ត្រីសុខាភិបាល បាននិយាយថា ចំនួននេះស្ថិតក្នុងចំណោមកម្រិតទាបខ្លាំង បើធៀបនឹងបណ្តាប្រទេស នៅទូទាំងពិភពលោក។
 
វៀតណាមនៅតែខ្វះខាតបុគ្គលិកពេទ្យ ក្នុងផ្នែកវះកាត់ប្តូរសរីរាង្គ ខណៈទីតាំង និងឧបករណ៍ នៅមានកម្រិត។ ក្រសួងសុខាភិបាល បច្ចុប្បន្ន បានផ្តល់អាជ្ញាប័ណ្ណដល់មន្ទីរពេទ្យចំនួន ២៦ ដើម្បីអនុវត្តបច្ចេកទេសវះកាត់ប្តូរសរីរាង្គ។ នេះបើតាម VNexpress ដដែល៕
 
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner