ចិនបើកដំណើរការតាក់ស៊ីគ្មានមនុស្សបើក

តាក់ស៊ីគ្មានមនុស្សបើកបានចាប់ផ្តើមដំណើរការ នៅក្នុងទីក្រុងចំនួន១២ របស់ប្រទេសចិន រួមមានទាំងរដ្ឋធានីប៉េកាំង និងទីក្រុងសៀងហៃ ដោយអតិថិជនអាចកម្ម៉ង់សេវាកម្មនេះបាន តាមរយៈកម្មវិធី App ដែលមាននៅលើទូរស័ព្ទឆ្លាតវៃ។ នេះបើតាមការចេញផ្សាយរបស់ CGTN។
 
ទីភ្នាក់ងារសារព័ត៌មានចិនមួយនេះ បានដកស្រង់របាយការណ៍ផ្លូវការរបស់រដ្ឋាភិបាល បានបង្ហាញថា សេវាកម្មតាក់ស៊ីគ្មានមនុស្សបើកនឹងត្រូវបង្កើនឲ្យមានដល់ចំនួន ៦៤ទីក្រុង នៅត្រឹមឆ្នាំ ២០២៥ ហើយគ្រោងនឹងកើនដល់ ១០០ទីក្រុង នៅឆ្នាំ២០៣០។
 
មជ្ឈមណ្ឌលនវានុវត្តន៍ទីក្រុងប៉េកាំង សម្រាប់ការចល័តឆ្លាតវៃ បានបង្ហាញថា ប៉េកាំង បានកំណត់ផ្លូវជាង ៣០កន្លែង សម្រាប់ដំណើរការសាកល្បង តាក់ស៊ីស្វ័យបើកបរ នេះបើតាម CGTN ដដែល។
 
ភ្ញៀវទេសចរបរទេសដែលបានជិះតាក់ស៊ីគ្មានមនុស្សបើក នៅប៉េកាំង បានប្រាប់ CGTN កាលពីសប្តាហ៍មុនថា ពួកគេពេញចិត្តនឹងតាក់ស៊ីស្វ័យបើកបរនេះ ព្រោះវាមានផាសុកភាព សុវត្ថិភាព និងរលូនល្អ។
 
ទេសចរម្នាក់ទៀត បានប្រាប់ថា តាក់ស៊ីស្វ័យបើកបរ យកចិត្តទុកដាក់ ជាងតាក់ស៊ីដែលមានអ្នកបើកបរ ព្រោះថា អ្នកបើកបរតាក់ស៊ី ពេលខ្លះ អាចមើលទូរស័ព្ទ ឬ ប្រើប្រាស់ប្រពន្ធទូរស័ព្ទ បង្កការរំខាន និងគ្រោះថ្នាក់។ ភ្ញៀវទេសចរបរទេស ម្នាក់ទៀតថា ល្បឿនអាចបានដល់ ជាង៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយក្នុងពេលបើកបរ មានការគោរពភ្លើងសញ្ញាចរាចរណ៍ និងថែមទាំងមានការដាក់តឿន លើការពាក់ខ្សែក្រវ៉ាតសុវត្ថិភាពទៀងផង។
 
CGTN មិនបានបញ្ជាក់លម្អិតថា តាក់ស៊ីគ្មានមនុស្សបើកនេះមានម៉ាកអ្វីនោះទេ។ ប៉ុន្តែ
ក្រុមហ៊ុនចិន Didi ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង កាលពីខែមេសា ធ្លាប់បានបញ្ជាក់ពីការបណ្តាក់ទុនផលិតតាក់ស៊ីអគ្គិសនីបើកបរដោយខ្លួនឯង ដែលមានសមត្ថភាពស្វ័យប្រវត្តិកម្ម កម្រិតទី ៤ដែលបានកំណត់ដោយសមាគមវិស្វករយានយន្ត។ ជាការបញ្ជាក់ ក្រោយប៉ុន្មានដែល លោកមហាសេដ្ឋី Elon Musk បានលើកឡើងថា ក្រុមហ៊ុន Tesla នឹងបង្ហាញ Robotaxi នៅក្នុងខែសីហា នេះបើតាមការចេញផ្សាយរបស់គេហទំព័រ Iot World Today៕
 
 
ប្រភពពី CGTN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner