រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ អ្នកស្រឡាញ់បរិស្ថានមានច្រើនណាស់ មិនដូចក្រុមសង្គមស៊ីវិល ប៉ុន្មាននាក់ដើរតែនិយាយមិនធ្វើនោះទេ

ភ្នំពេញ៖ ក្នុងចំណោមប្រជាពលរដ្ឋ ១៧លាននាក់ ហើយបើដើរសួរថា គេស្រឡាញ់បរិស្ថានប៉ុន្មាននាក់នោះ ខ្ញុំជឿថា មានចំនួនមិនតិចជាង ៧០ទៅ៨០ភាគរយទេ ដែលស្រឡាញ់បរិស្ថាន ។ បើសិនជាខ្ញុំធ្វើការចែកកូនឈើទៅពួកគាត់ដើម្បីធ្វើការដាំដុះ ខ្ញុំមិនសុំទៅដល់ ១០លាននាក់ទេគឺសុំត្រឹមតែ ១លាននាក់គាត់នឹងដាំគាត់នឹងថែដោយក្តីស្រឡាញ់ពេញចិត្ត។ខ្ញុំជឿថាជំហានរបស់ក្រសួងបរិស្ថានកំពុងបោះជំហានទៅមុខទាំងស្វាហាប់ និងប្រកបដោយប្រាកដនិយម មិនរវើរវាយទេថាហើយធ្វើ ធ្វើហើយបោះជំហានទៅមុខទៀត។

នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងពិធីបើកពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមប្រធានបទ «ពន្លកបៃតង» ដែលនឹង រៀបចំឡើងរយៈពេល ៦ថ្ងៃ ក្នុងនោះ២ថ្ងៃធ្វើនៅភ្នំពេញ និង ៤ថ្ងៃទៀតធ្វើនៅតាមបណ្តាខេត្ត នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ៖ ការជំរុញឱ្យមានការដាំដើមឈើនេះមិនត្រឹមតែក្រសួងបរិស្ថាន ក្រសួងដទៃទៀត អង្គការដៃគូ និងពិសេសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខដឹកនាំប្រទេសក៏បានជំរុញឱ្យមានភាពបៃតង ក្នុងប្រទេសតាមរយៈការដាំកូនឈើនេះផងដែរ ។

ទាក់ទិនទៅនឹងដីនៅក្នុងតំបន់យុទ្ធនាការចុះបង្រ្កាប ទប់ស្កាត់បទល្មើស ធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់កន្លងមកក្រសួងបរិស្ថានកំពុងត្រៀមយុទ្ធសាស្រ្តក្នុងការដាំដុះ និងក្រសួងកំពុងត្រៀមយុទ្ធសាស្រ្តក្នុងការដាំនៅទីខ្ពស់មុនដើម្បីកុំឱ្យហូរច្រោះបាត់បង់ដីស្រទាប់ខាងលើដោយសារភ្លៀងឬទឹកហូរច្រោះកាត់នោះ ។

ទាក់ទិននឹងដីដែលត្រូវបានដកហូតមកវិញមិនថា នៅខេត្តពោធិ៍សាត់ទេ សូម្បីតែមណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងកន្លែងច្រើនទៀតនឹងធ្វើការដាំដុះដែលធ្វើឱ្យក្រសួងបរិស្ថានសម្រចថា រៀបចំថ្នាលបណ្តុះកូនឈើឱ្យបានច្រើនជាអតិបរិមា ជួយដាំដុះដើម្បីស្តារដើមឈើឡើងវិញ។ទន្ទឹមនឹងគ្នានេះពិធីបើកពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមប្រធានបទ «ពន្លកបៃតង»នេះក៏ជាការជំរុញឱ្យពលរដ្ឋចេះដាំដើមឈើ ស្រឡាញ់ថែទាំងដើមឈើ ។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមមនុស្សមួយចំនួនបានធ្វើការបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុក អំពីការកាប់បំផ្លាញព្រៃឡង់ ដែលជាព្រៃធម្មជាតិក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំនិងការបង្ហាះសារពីការបំផ្លាញព្រៃឈើមួយចំនួនទៀតដែលក្រសួងបរិស្ថានចេញមកបដិសេធថាជាការមិនពិត និងគ្មានភស្ថុតាងរួចមកហើយ ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ជីមភារ៉ា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner