រដ្ឋមន្រ្តីអប់រំ៖កំណែទម្រង់វិស័យអប់រំ ត្រូវចាប់ផ្តើមពីលោកគ្រូ អ្នកគ្រូ

បាត់ដំបង៖ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប នាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើក ឡើង ថា ដើម្បីជំរុញកំណែទម្រង់វិស័យអប់រំឱ្យកាន់តែល្អ ប្រសើរ ទាមទារចាំបាច់ត្រូវតែចាប់ផ្តើមពីលោកគ្រូ អ្នកគ្រូដែល មានគុណវុឌ្ឍ មាន សិល្បៈនូវក្នុងការបង្រៀន ។ឯកឧត្តម បាន ថ្លែង ដូច្នេះក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ លោកបណ្ឌិត ជា រដ្ឋា ជានាយក នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងនិងបើក ពិព័រណ៍វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យា (STEM) ប្រចាំឆ្នាំ២០២៤ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តដោយបង្ហាញពីចំណុចគន្លឺះមួយទៀត គឺការលើកទឹកចិត្តដល់គ្រូ ,ការសិក្សាពីឫសគល់នៃបញ្ហា ប្រឈម នានា ដើម្បីធ្វើឱ្យការបង្រៀនរបស់គ្រូកាន់ តែល្អ ប្រសើរ។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានធ្វើការក្រើនរំលឹក ដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិក អប់រំ សិក្សាគ្រប់លំដាប់ថ្នាក់ ជាពិសេសដល់គរុនិស្សិត ដែលនឹងក្លាយខ្លួនទៅជាគ្រូ បង្រៀនកម្រិតបឋម និងកម្រិត មូលដ្ឋាន ដែលនិង ត្រូវ ចេញទៅបម្រើការងារនៅតាមបណ្តាសាលាបឋមសិក្សា និងអនុវិទ្យាល័យនានាក្នុងទូទាំងប្រទេស ត្រូវតែខិតខំ បញ្ចេញឱ្យអស់ពី សមត្ថភាពក្នុងការផ្តល់នូវចំណេះដឹង ជំនាញនិងបទពិសោធន៍ដល់សិស្ស។ ត្រូវខិតខំបន្ដធ្វើការ ស្រាវជ្រាវ និងអភិវឌ្ឍវិជ្ជាជីវៈ ជា ប្រចាំ។ពិសេសបំណិន បច្ចេកវិទ្យា និងភាសាបរទេស ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និងឥរិយាបថរបស់ខ្លួន ក្នុងការបង្រៀន ប្រកបដោយគុណភាព ។
ទាក់ទងនឹងពិព័រណ៍STEMប្រចាំឆ្នាំ២០២៤ ក្រោម ប្រធានបទ “ ការត្រៀមខ្លួនរបស់គ្រូបង្រៀន សម្រាប់ការ អប់រំស្ទែមនៅ ក្នុង យុគសម័យឌីជីថល ” ឯកឧត្តម ហង់ជួន ណារ៉ុន ថ្លែងថាជា ប្រធានបទមានសារៈសំខាន់ ក្នុងការឆ្លើយ តប ទៅនឹង បរិវត្តកម្ម ក្នុង វិស័យអប់រំនៅកម្ពុជាសំដៅដល់ ការកសាងនូវមូលធន មនុស្ស ប្រកបដោយចំណេះដឹង សមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិន ភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ក្នុង ការរួមចំណែកដល់ការអភិវឌ្ឍសង្គម។

លោកបណ្ឌិត ជា រដ្ឋា នាយកថ្មីនៃវិទ្យាស្ថានគរុកោសល្យ បាត់ដំបងបានធ្វើការប្ដេជ្ញាក្នុងការអភិវឌ្ឍវិទ្យាស្ថានគរុកោសល្យបាត់ដំបង ឱ្យក្លាយជាវិទ្យាស្ថានគរុកោសល្យ គំរូ ក្នុងការ បណ្តុះបណ្តាលគ្រូបង្រៀនសតវត្សរ៍ទី២១ពោលគឺធានាឱ្យបាន នូវ គ្រូបង្រៀនបឋម និង កម្រិតមូលដ្ឋានប្រកបដោយ គុណភាព ឧត្តមភាព ស្របតាមស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន ៕

     ( អត្ថបទ- រូបភាព៖ អ៊ុក សំអាន បប )
ads banner