ជោគជ័យរបស់ កម្ពុជា នៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺជាមេរៀន ពិសោធដ៏ល្អសម្រាប់ប្រជាជាតិ លើពិភពលោក
(ភ្នំពេញ)៖ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានគុសបញ្ជាក់ថា ជោគជ័យរបស់កម្ពុជា នៃដំណើរការ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺជាមេរៀន ពិសោធដ៏ល្អ សម្រាប់ប្រជាជាតិ លើពិភពលោក ។
លោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបង្ការអំពើប្រល័យពូជសាសន៍ បានបញ្ជាក់ដូច្នេះ ក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា អនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។
លោកស្រីអគ្គលេខាធិការរង បានគោរពជម្រាបជូន សម្ដេចធិបតី អំពីបទពិសោធ និងបេសកកម្មការងាររបស់លោកស្រី នាពេលកន្លងមក ក្នុងការទប់ស្កាត់ និងបង្ការអំពើប្រល័យពូជសាសន៍ នៅតាមបណ្ដាប្រទេសដូចជា៖ បូស្ន៊ី ហេហ្សេហ្គូវីន (Bosnia and Herzegovina) និងរ៉វាន់ដា (Rwanda) ហើយគោលបំណងនៃបេសកកម្មសំខាន់មួយរបស់លោកស្រីនៅកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងសន្និសីទស្តីពី “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ៖ ការការពារ និង ការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព”។
លោកស្រីអគ្គលេខាធិការរង ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាង អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និង អង្គការសហប្រជាជាតិ និងការបញ្ជ្រាបការយល់ដឹង ការអប់រំអំពីអំពើប្រល័យពូជសាសន៍ ដល់យុវជន សិស្ស និងនិស្សិត តាមរយៈការបណ្ដុះបណ្ដាលតាមសាលារៀន ទាំងសាលារដ្ឋ និង ឯកជន ចាប់ពីកម្រិតចំណេះទូទៅ ដល់កម្រិតសាកលវិទ្យាល័យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។
លោកស្រីអគ្គលេខាធិការវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការរៀបចំដំណើរការនៃ អ.វ.ត.ក. ហើយលោកស្រីបានគោរពបញ្ជាក់ថា មេរៀន និងបទពិសោធរបស់កម្ពុជា គួរតែត្រូវបានចែករំលែក ជាមួយបណ្ដាប្រទេសជុំវិញពិភពលោក និងការបន្តកិច្ចសហប្រតិបត្តិការ រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តគម្រោងស្វ័យអភិវឌ្ឍនានា (Home Grown Project) ។
សម្ដេចធិបតី បានអរគុណចំពោះចំណាប់អារម្មណ៍ របស់លោកស្រី អំពីជោគជ័យរបស់កម្ពុជា ពាក់ព័ន្ធនឹងការអប់រំផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីអំពើប្រល័យពូជសាសន៍។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអប់រំ ដល់មនុស្សជំនាន់ក្រោយ គឺពិតជាមានសារសំខាន់ ហើយការណ៍នេះ មិនត្រឹមតែជាការអប់រំ អំពីអំពើប្រល័យពូជសាសន៍ ដែលបង្កឡើង ដោយរបបខ្មៅងងឹតខ្មែក្រហមទេ ថែមទាំងជាការរួមចំណែកទប់ស្កាត់ និងបង្ការការវិលត្រលប់មកវិញ នៃអំពើដ៏សាហាវយង់ឃ្នង់ មិនអាចពរណ៌នាបានក្នុងសង្គមកម្ពុជា ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបង្កើតវិទ្យាស្ថានមួយ ដើម្បីចងក្រង គ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវ ចែករំលែកការយល់ដឹង និងផ្ដល់ព័ត៌មានដល់អ្នកជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីជាការស្វែងយល់បន្ថែម អំពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាជោគជ័យ និងដំណើរការ នៃ អ.វ.ត.ក. ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការ លើគម្រោងស្វ័យអភិវឌ្ឍ (Home Grown Project) សម្ដេចបានជំរុញនិងលើកទឹកចិត្តឱ្យតំណាងអង្គការសហប្រជាជាតិ បន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត ដើម្បីបន្តអនុវត្តទិសដៅការងាររបស់ខ្លួន ឈានទៅសម្រេចជោគជ័យ នៃការអនុវត្តគម្រោងនេះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ