រយៈពេល ៩ខែ ជានាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើនទំនាក់ទំនងរវាងថ្នាក់ដឹកនាំកំពូលនិងប្រជាពលរដ្ឋសរុបជាង ១០០លើក
(ភ្នំពេញ)៖ក្នុងរយៈពេល ៩ខែតាំងពីចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅក្នុងទំនាក់ទំនងរវាងថ្នាក់ដឹកនាំកំពូលនិងប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនី កីឡាករ សិល្បករ អ្នកសារព័ត៌មាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងពិធីសម្ពោធនិងសំណេះសំណាលជាសាធារណៈសរុបជាង ១០០លើកពោលគឺ សម្តេចប្រើពេលប្រហែល ៤០% ដើម្បីជួបជាមួយប្រជាពលរដ្ឋ។ នេះនៅមិនទាន់រាប់បញ្ចូលទំនាក់ទំនងតាមបណ្តាញសង្គមដែលសម្តេចបានប្រាស្រ័យទាក់ទងជាប្រចាំនិងដោះស្រាយបញ្ហាជូនពលរដ្ឋបានយ៉ាងច្រើននោះផងទេ ។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងបែបនេះ នៅក្នុងវេទិកាសារព័ត៌មានលើកទី៣ ស្តីពីសមិទ្ធផលការងារសំខាន់ៗក្នុងត្រីមាសទី៣របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា។
ឯកឧត្តម បន្តថា តាមរយៈជំនួបទាំងនោះ មិនត្រឹមតែអ្នកដែលបានចូលរួមផ្ទាល់ទេដែលបានស្តាប់ឮ ប៉ុន្តែប្រជាពលរដ្ឋទូទាំងប្រទេស រាប់ទាំងខ្មែរនៅក្រៅប្រទេសផង បានស្តាប់ឮ ប្រសាសន៍របស់ប្រមុខដឹកនាំយ៉ាងទូលំទូលាយតាមរយៈការផ្សាយបន្តផ្ទាល់តាម ទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គម។ ឈរលើសូចនាករនេះ អាចនិយាយបានថា នាយករដ្ឋមន្ត្រីកម្ពុជាគឺជាមេដឹកនាំដែលប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋច្រើនបំផុតដែលគេកម្រឃើញមានមេដឹកនាំប្រទេសណាដែលអាចធ្វើបាន។
ការជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានគឺជាទស្សនៈដឹកនាំផ្សារភ្ជាប់ជាមួយមហាជនដែលបង្កើតឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយទម្លាប់បែបនេះបានក្លាយជាប្រពៃណីដ៏ល្អមួយទៅហើយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលពេលនេះកំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងយ៉ាងសកម្មដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន ។ ប្រពៃណីរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ទិសទីបែបនេះហើយ បានជាគណបក្សប្រជាជនកម្ពុជាសម្រេចបានជោគជ័យធំធេងក្នុងការដឹកនាំប្រទេស និងបានក្លាយជាជម្រើសតែមួយគត់មិនអាចខ្វះបានរបស់ប្រជាពលរដ្ឋ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា