ជើងហោះហើរសិង្ហបុរីជួបបញ្ហាលើអាកាស ចុះចតបន្ទាន់នៅថៃ ស្លាប់មនុស្សម្នាក់ របួស៣០នាក់
បាងកក៖ យ៉ាងហោចណាស់មានអ្នកដំណើរម្នាក់បានស្លាប់ និង៣០នាក់ទៀតរងរបួស ក្រោយយន្តហោះរបស់ក្រុមហ៊ុន Singapore Airlines ព្យាយាមចុះចតបន្ទាន់នៅព្រលានយន្តហោះសុវណ្ណភូមិនៃទីក្រុងបាងកក ប្រទេសថៃ។
ក្រុមហ៊ុន Singapore Airlines បាននិយាយថា ជើងហោះហើរ SQ321 បានចេញដំណើរពីអាកាសយានដ្ឋាន Heathrow ចក្រភពអង់គ្លេស ឆ្ពោះទៅកាន់ប្រទេសសង្ហិបុរី។ ពេលហោះហើរនៅលើអាកាសសុខៗ ក៏មានខ្យល់កួចខ្លាំងធ្វើឱ្យយន្តហោះក្រឡាប់ចាក់នៅលើអាកាស។ ដូច្នេះអ្នក បើកយន្តហោះ ក៏សម្រេចចិត្តបង្វែរទិសដៅទៅទីក្រុងបាងកក និងចុះចតព្រលានយន្តហោះសុវណ្ណភូមិនៅម៉ោង ៣និង៤៥ល្ងាចថ្ងៃអង្គារនេះ។
យន្តហោះនោះជាប្រភេទ Boeing777-300ER ដឹកអ្នកដំណើរ២១១នាក់ និងសហសេវិកសរុប ១៨នាក់។ ហេតុការណ៍នេះ បានធ្វើឱ្យអ្នកដំណើរ ១៨នាក់រងរបួស នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ចំណែកអ្នកដំណើរ ១២នាក់ផ្សេងទៀតកំពុងព្យាបាលរបួស។ បើតាមសារព័ត៌មាន BBC អ្នក ដំណើរម្នាក់ដែលស្លាប់នោះ ជាជនជាតិអង់គ្លេសអាយុ ៧៣ឆ្នាំ។
ក្រុមហ៊ុន Singapore Airlines បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនកំពុងធ្វើការយ៉ាង ដុតដៃដុតជើងជាមួយអាជ្ញាធរមូលដ្ឋាននៅប្រទេសថៃ ដើម្បីផ្ដល់ជូននូវជំនួយសង្គ្រោះបឋមផ្នែកសុខាភិបាល និងកំពុងបញ្ជូនក្រុមការងារពីសិង្ហបុរីទៅទីក្រុងបាងកក ផងដែរ ដើម្បីត្រៀមជួយទៅលើផ្នែកណាមួយ ទៅតាមតម្រូវការជាក់ស្ដែង។
ជាមួយគ្នានេះ រដ្ឋមន្ត្រីដឹកជញ្ជូនសិង្ហបុរី លោក Chee Hong Tat បានបង្ហោះសារនៅលើហ្វេសប៊ុកថា លោកមានការសោកស្ដាយជាខ្លាំងចំពោះឧបទ្ទវហេតុនេះ ហើយបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា