សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នគេមិនប្រើរដ្ឋប្រហារនោះទេ តែគេប្រើបដិវត្តន៍ពណ៌ ដូច្នេះបើឃើញបដិវត្តន៍ពណ៌ត្រូវតែកម្ចាត់ចោល

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នគេមិនប្រើរដ្ឋប្រហារនោះទេ តែគេប្រើបដិវត្តន៍ពណ៌តែម្តង។ ដូច្នេះបើឃើញបដិវត្តន៍ពណ៌ត្រូវតែកម្ចាត់ចោល។ ដោយសម្តេចតេជោ ហ៊ុន សែន បានប្រាប់កងកម្លាំងថា បក្សនយោបាយដែលចង់ធ្វើបដិវត្តន៍ពណ៌ គឺត្រូវតែកម្ចាត់ ដើម្បីការពារប្រជាពលរដ្ឋមួយប្រទេស និងកុំដណ្តើមអំណាចតាមបែបមិនប្រជាធិបតេយ្យ ដែលជាឫស្សគល់បំផ្លាញសន្តិភាព និងនាំឱ្យមានអំពើប្រល័យពូជសាសន៍។ ការបញ្ជាក់នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា សុខសន្តិភាពមិនមែនជារបស់ធ្លាក់ពីលើមេឃនោះឡើយ សុខសន្តិភាពនៅកម្ពុជា មានជាង២៥ឆ្នាំហើយ ដែលសុខសន្តិភាពនេះ ផ្តល់ឱកាសឱ្យកម្ពុជា ប្រមូលធនធាន និងការប្រឹងប្រែងសព្វបែបយ៉ាង ដើម្បីកសាង និងអភិវឌ្ឍន៍ជាតិ។ ដូច្នេះត្រូវរួមគ្នាអរគុណសន្តិភាព ការពារសន្តិភាព ហើយមិនត្រូវឱ្យនរណាបំផ្លាញសុខសន្តិភាពនោះឡើយ។ ដរាបណាមានសុខសន្តិភាព គឺមិនបារម្ភមានអំពើប្រល័យពូជសាសន៍នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា នេះជាការចែករំលែកបទពិសោធន៍ ដែលមិនមែនជាហិង្សានោះទេ ព្រោះដើម្បីតែការពារប្រជាជនមួយប្រទេស គឺត្រូវតែដាច់ចិត្តធ្វើចំពោះមនុស្សត្រឹមប៉ុន្មាននាក់ដែលធ្វើខុសច្បាប់ ហើយកម្លាំងរបស់រដ្ឋាភិបាល មិនអាចអព្យាក្រឹត្យជាមួយបក្សនយោបាយ រាប់ទាំងបក្សកាន់អំណាចផងដែរ ប៉ុន្តែកម្លាំងរបស់រដ្ឋាភិបាលត្រូវការពារគ្រប់គណបក្សនយោបាយ ប៉ុន្តែមិនអាចភាគីណាមកផ្តួលរំលំរដ្ឋាភិបាលបានឡើយ។

សម្តេចតេជោបានមានប្រសាសន៍រំលឹកថា ប្រទេសមហាអំណាចកាលពីអតីតកាលបានប្រព្រឹត្តិកំហុសធំៗចំនួន២លើកមកលើប្រទេសកម្ពុជា គឺការគាំទ្រខ្មែរក្រហម ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះបាទនរោត្តម សីហនុ ធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងរបបវាលពិឃាត និងការគាំទ្រខ្មែរក្រហមឲ្យអង្គុយនៅក្នុងអង្គការសហប្រជាជាតិ ហើយដាក់ទណ្ឌកម្មផ្តាច់សេដ្ឋកិច្ចរដ្ឋាភិបាលសាធារណរដ្ឋកម្ពុជា និងប្រជាជនខ្មែរដែលរួចរស់ពីការកាប់សម្លាប់របស់ពួកខ្មែរក្រហម៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner