អូស្រ្តាលីព្រមានពីកង្វះឧស្ម័នក្នុងទសវត្សរ៍នេះ ដោយសារជម្លោះសកល
កង់បេរ៉ា៖ អ្នកផលិតថាមពលរបស់ប្រទេសអូស្ត្រាលី បានប្រកាសគាំទ្រយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍន៍ឧស្ម័នធម្មជាតិ ហើយបានព្រមានថា អូស្រ្តាលីនៅតែប្រឈមមុខនឹងកង្វះការផ្គត់ផ្គង់ឧស្ម័នថ្មីក្នុងទសវត្សរ៍នេះ ខណៈដែលទីផ្សារមានការប្រែប្រួលដោយសារជម្លោះជាសកល។
ប្រធានអ្នកផលិតថាមពលអូស្ត្រាលី លោកស្រី Meg O’Neill បាននិយាយថា ក្រុមអ្នកផលិតថាមពលបានស្វាគមន៍ចំពោះយុទ្ធសាស្ត្រឧស្ម័ននាពេលអនាគត ដែលចេញផ្សាយដោយរដ្ឋាភិបាលកាលពីដើមខែនេះ ដែលបានគូសបញ្ជាក់ពីតម្រូវការប្រភពឧស្ម័នថ្មី ដើម្បីបំពេញតម្រូវការក្នុងស្រុក និងនាំចេញ ក្នុងអំឡុងពេលផ្លាស់ប្តូរថាមពល។
លោកស្រី O’Neill បានប្រាប់សន្និសីទឧស្សាហកម្មឧស្ម័នអូស្ត្រាលី នៅថ្ងៃអង្គារនេះថា យុទ្ធសាស្រ្តនេះកើតឡើងចំពេលមានការប្រែប្រួលនៅក្នុងទីផ្សារប្រេង និងឧស្ម័ន ដោយសារតែជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។ នេះគឺជាបញ្ហាដែលអូស្ត្រាលីប្រឈមមុខក្នុងទសវត្សរ៍នេះ។
បើតាមលោកស្រី O’Neill ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអូស្ត្រាលីនឹងប្រឈមមុខនូវការខ្វះខាតឧស្ម័ននៅឆ្នាំ២០២៨ និងឆ្នេរសមុទ្រភាគខាងលិចនៅឆ្នាំ២០៣០ ហើយថា ប្រការនេះអាចបង្កើនភាពប្រែប្រួល និងជំរុញឱ្យតម្លៃគ្រួសារ និងអាជីវកម្មកើនឡើង។
យោងតាមទិន្នន័យ និងក្រុមអ្នកវិភាគរបស់ក្រុមហ៊ុន Kpler បានឱ្យដឹងថា កាលពីឆ្នាំ២០២៣ ប្រទេសអូស្រ្តាលីបាននាំចេញ ៨០.៩លានតោននៃឧស្ម័នធម្មជាតិរាវ។ អតិថិជនដ៏ធំបំផុតរបស់អូស្ត្រាលី គឺចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលក៏ជាប្រទេសនាំចូលប្រេងឥន្ធនៈកំពូលទាំងបីរបស់ពិភពលោកផងដែរ៕
ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា