ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដឹកនាំកិច្ចប្រជុំ ស្តីពីការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យអធិការកិច្ច
(ភ្នំពេញ)៖ អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ បានបើកនូវកិច្ចប្រជុំ ស្តីពីការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យអធិការកិច្ច នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួងអធិការកិច្ច ដែលដឹកនាំដោយលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអធិការកិច្ច សរុបចំនួន ៣៥រូប។
កិច្ចប្រជុំនេះមានគោលបំណង ១- សមិទ្ធផលឆ្លើយតបនឹងមេរោគអេដស៍ កម្ពុជាដែលសម្រេចបានកន្លងមក ២- ពិនិត្យនូវឋាមវ័ន្តនៃប្រព័ន្ធរួមគ្នាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ៣- ពិនិត្យ និងអនុវត្តនូវវិធាននានា នៃនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ វិស័យអធិការកិច្ច ។
លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអធិការកិច្ច បានថ្លែងនូវការរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំ និងបញ្ជាក់ពីការចូលរួមក្នុងការឆ្លើយតបនឹងមេរោគអេដស៍ តាមរយៈការបញ្ជ្រាប និងផ្សព្វផ្សាយតាមរយៈកិច្ចប្រជុំ និងវេទិការនានា។ ក្នុងពេលនោះផងដែរ លោកជំទាវ បានប្រកាសពីសមាសភាពចូលរួមក្នុងកិច្ចប្រជុំមកពីក្រសួងអធិការកិច្ច ។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្របតាមអនុក្រឹត្យលេខ ១០៩ ។ ឯកឧត្តមប្រធានអង្គប្រជុំ បានបន្តថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងផែនការយុទ្ធសាស្រ្តជាតិ ទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ មានគោលបំណង ១)- សម្រេចទប់ស្កាត់ការឆ្លងថ្មីឱ្យបានក្រោមមួយករណីក្នុងមួយថ្ងៃឬជាង២០០នាក់ក្នុងមួយឆ្នាំ ២)- សម្រេចទប់ស្កាត់ការស្លាប់ដោយសារអេដស៍ឱ្យបានក្រោម២០០នាក់ក្នុងមួយឆ្នាំ ៣)- បំបាត់ការរើសអើងនិងមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ឱ្យអស់ពីសង្គមកម្ពុជា និងដោយវិធានចំនួន ៥៨ សម្រាប់អនុវត្ត ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់បានអរគុណដល់ក្រសួងអធិការកិច្ច ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបញ្រ្ជាប និងផ្សព្វផ្សាយពីច្បាប់ ក្នុងនោះក៏មានច្បាប់អេដស៍ផងដែរ ដើម្បីអាចលុបបំបាត់អេដស៍សម្រេចឱ្យបាននូវគោលដៅ៩៥-៩៥-៩៥ តាមការចូលរួម និងប្រឹងប្រែងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ ដែលទាមទារនូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ក្រសួងអធិការកិច្ច ត្រូវរៀបចំផែនការឆ្លើយតបនឹងមេរោគអេដស៍ និងស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមការបរិច្ឆេទក្នុងការស្នើសុំថវិកា ឱ្យបានទាន់ពេលវេលា , រិះរកនូវវិធានច្បាប់ និងវិធីសាស្រ្តក្នុងការប្រមូលនានាឱ្យបានគ្រប់ជ្រុងជ្រោយ ពិសេស គ្លីនិកឯកជនឱ្យផ្តល់នូវរបាយការណ៍ឆ្លើយតបនឹងមេរោគអេដស៍ នោះយើងសង្ឃឹមថា នឹងសម្រេចបាននូវគោលដៅទាំងបី , ក្រសួងអធិការកិច្ច ត្រូវចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស រៀងរាល់ខែ ដើម្បីចូលរួមក្នុងការពិនិត្យនូវវឌ្ឍនភាព និងការងារបច្ចេកទេស ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានដាក់ឱ្យពិភាក្សានូវវិធាននានាសម្រាប់វិស័យអធិការកិច្ច នៅក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដែលរួមមាន៖ ពង្រឹងប្រព័ន្ធឆ្លើយតបជាពហុវិស័យ (៥វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ (៩វិធានការ) ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំនិងព្យាបាល (៧វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម (៣វិធានការ) បញ្ចប់ការរើសអើងនិងមាក់ងាយ (៣វិធានការ) ចលនាធនធាន (៤វិធានការ) ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃ (៨វិធានការ) ៕
អត្ថបទ៖ វណ្ណលុក, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍