មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ប្រកាសគាំទ្រយ៉ាងពេញទំហឹងប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបង្កើតច្បាប់ដាក់ទោសជនណានិយាយថា «កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»
ភ្នំពេញ៖ លោក ហេង សំណាង ប្រធានប្រតិបត្តិសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានប្រកាសគាំទ្រយ៉ាងពេញទំហឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ស្នើឱ្យបង្កើតច្បាប់ដាក់ទោសជនណានិយាយថា «កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»។
លោកបានបន្តថា កម្ពុជាមុននឹងមានថ្ងៃនេះបានរងគ្រោះព្រោះរបបខ្មៅងងឹងស្ទើបាត់បង់ប្រទេស។ ទម្រាំមានសន្តិភាព និងការអភិវឌ្ឍន៍ មិនមែនជារឿងងាយ និងចៃដន្យឡើយ ដូច្នេះប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំមិនអាចបំភ្លេចបាន ចំពោះសោកនាកម្មនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ប្រវត្តិសាស្រ្តមិនអាចក្រឡៃមិនបំផ្លេចបាននោះទេ ជនរងគ្រោះជាង៣លាននាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍នេះ។
លោក ហេង សំណាង បានបន្តទៀតថា ប្រជាជនកម្ពុជារួមនឹងពិភពលោកបានដឹងយ៉ាងច្បាស់ អំពីកត្តាសុខសន្តិភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺកម្ពុជាបានឆ្លងកាត់ការឈឺចាប់ ជូរចត់ឥតល្ហែស្ទើតែបាត់បង់ប្រទេសជាតិ។ ប៉ុន្តែជាអកុលមានជនឆ្លៀតឱកាស ឬអ្នកនយោបាយជ្រុលនិយម តែងតែសាបព្រោះនូវមនោគមវិជ្ជាខ្មៅកខ្វក់ ធ្វើប្រជាភិថុតភូតភរ បណ្តុះមនសិការទុច្ចរិចកេងចំណេញនយោបាយ បំភ្លៃប្រវត្ថិសាស្រ្ដ ដើម្បីតែបំពេញមហិច្ឆិតារបស់ពួកគេ។
ប្រសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបង្កើតច្បាប់ផ្តន្ទាទោសអ្នកនិយាយថា «កម្ពុជាគ្មានរបបប្រល័យពូជសាសន៍» បណ្តុំអង្គការសមាគមសង្គមស៊ីវិល រួមទាំងយុវជន ប្រជាជនខ្មែរ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងឱ្យអ្នកច្បាប់នៅក្នុងប្រទេសកម្ពុជារៀបចំបង្កើតច្បាប់នេះ ដើម្បីដាក់ទោសចំពោះជនណាដែលចង់បំភ្លៃប្រវត្តិសាស្រ្ដ។
លោក ហេង សំណាង បានលើកឡើងថា ក្នុងនាមជាយុវជនជំនាន់ក្រោយពិតជាមិនអាចបំភ្លេចបានទេនូវការលះបង់របស់ឥស្សរជនខ្មែរជាច្រើនដែលបានពលីជីវិត ប្តូរយកសន្តិភាព ការពារប្រទេសជាតិ និងប្រជាជន ជាពិសេសគុណូបការៈដ៏ថ្លៃថ្លា និងការលះបង់មហាធំធេងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានយកសាច់ស្រស់ ឈាមស្រស់ ប្តូរយកសន្តិភាព ការអភិវឌ្ឍ ឯកភាពជាតិពេញលេញ សម្រាប់ប្រជាជាតិទាំងមូល។ ប្រធានប្រតិបត្តិសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានអំពាវនាវដល់ ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងយុទ្ធិធម៌ និងក្រុមអ្នកច្បាប់ សូមពិនិត្យរៀបចំតាក់តែងច្បាប់ផ្តន្ទាទោសទណ្ឌចំពោះអ្នកនិយាយថា «កម្ពុជាគ្មានរបបប្រល័យពូជសាសន៍»! ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញម្ដងទៀត ហើយបង្ការកុំឱ្យមានជនឆ្លៀតឱកាសជ្រុលនិយមបំភ្លៃប្រវត្តិសាស្រ្ដរបស់កម្ពុជា។ យើងខ្ញុំ ជាយុវជនខ្មែរ សិស្ស និស្សិត បញ្ញវន្ត ពលរដ្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមគាំទ្រយ៉ាងពេញទំហឹងឱ្មានច្បាប់ដាក់ទោសជនណា ដែលនិយាយថា«កម្ពុជាគ្មានរបបប្រល័យពូជសាសន៍»៕
ដោយ៖ពលជ័យ