សម្តេចតេជោ ហ៊ុន សែន៖ “សូមកុំធ្វើរដ្ឋប្រហារផ្តួលរំលំ សូមកុំដណ្តើមអំណាច ដោយមធ្យោបាយមិនប្រជាធិបតេយ្យ”
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ថា “សូមកុំធ្វើរដ្ឋប្រហារផ្តួលរំលំ សូមកុំដណ្តើមអំណាច ដោយមធ្យោបាយមិនប្រជាធិបតេយ្យ ដែលជាឫសគល់នៃសង្គ្រាម ហើយក៏ជាឫសគល់នៃការប្រល័យពូជសាសន៍ដែរ”។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា “មធ្យោបាយការពារកុំឱ្យមានរបបប្រល័យពូជសាសន៍ ដំបូងត្រូវការពារសន្តិភាពឱ្យបាន។ បើការពារសន្តិភាពបានហើយ មិនចាំបាច់ព្រួយបារម្ភពីរឿងមានអំពើប្រល័យពូជសាសន៍ទេ។ ខ្ញុំគិតថា ក៏ត្រូវមានទៅជាមួយគ្នានូវមធ្យោបាយដណ្តើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ។ មុននេះប្រទេសមហាអំណាចខ្លះបានលើកកងទ័ពចូលទៅប្រទេសនេះ ឬប្រទេសនោះ អាហ្នឹងរឿងម្ខាង។ ប៉ុន្តែអ្វីដែលគ្រោះថ្នាក់សម្រាប់ប្រទេសដូចឧទាហរណ៍កម្ពុជា កម្ពុជាមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ។ សូមកុំភ្លេចណាបើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទេ គឺគ្មានអំពើប្រល័យពូជសាសន៍កើតឡើងទេ។ អ៊ីចឹងពេលមុនគេនិយមធ្វើរដ្ឋប្រហារ បរទេសញុះញង់ឱ្យធ្វើ។ ឥឡូវនេះ គេមិនធ្វើរដ្ឋប្រហារទេ តែគេធ្វើបដិវត្តន៍ពណ៌តែម្តង បដិវត្តន៍ពណ៌នេះ បើឃើញវាងើបដាក់វាទៅ ព្រោះវានាំដល់អំពើប្រល័យពូជសាសន៍ទៀតហើយនាំដល់សង្គ្រាម។”
សម្តេចតេជោប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា សុខសន្តិភាពមិនមែនជារបស់ធ្លាក់ពីលើមេឃនោះឡើយ សុខសន្តិភាពនៅកម្ពុជា មានជាង ២៥ឆ្នាំហើយ ដែលសុខសន្តិភាពនេះ ផ្តល់ឱកាសឱ្យកម្ពុជា ប្រមូលធនធាន និងការប្រឹងប្រែងសព្វបែបយ៉ាង ដើម្បីកសាង និងអភិវឌ្ឍន៍ជាតិ។ ដូច្នេះត្រូវរួមគ្នាអរគុណសន្តិភាព ការពារសន្តិភាព ហើយមិនត្រូវឱ្យនរណាបំផ្លាញសុខសន្តិភាពនោះឡើយ។ ដរាបណាមានសុខសន្តិភាព គឺមិនបារម្ភមានអំពើប្រល័យពូជសាសន៍នោះឡើយ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន