ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១១គ្រួសារ នៅស្រុកបាធាយ ទទួលបានអំណោយមនុស្សធម៌
កំពង់ចាម៖កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយលោកនាយកសាខា លោកប្រធានកិត្តិយសអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំនិងអ្នកស្ម័គ្រចិត្តភូមិបានអញ្ជើញចុះជួបសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កម្រិតធ្ងន់- ស្រាលសរុប ១១ គ្រួសារ រស់នៅក្នុងភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ។

សូមជម្រាបថា ហេតុការណ៍គ្រោះធម្មជាតិបានកើតឡើងកាលពីម៉ោង ៤រសៀល ថ្ងៃទី២២ ខែឧសភា តែពុំបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។

ក្នុងឱកាសលោកស្រី ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ។ លោកស្រីបានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា។ ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះកម្រិតធ្ងន់បីគ្រួសារ ក្នុងមួយគ្រួសារទទួលបាន ថវិកាបួនសែនរៀលនិងពលរដ្ឋរងផលប៉ះពាល់កម្រិតស្រាលក្នុងមួយគ្រួសារទទួលបានថវិកាមួយសែនរៀល ៕
ដោយ៖លីពៅ


