មុនបញ្ចប់អាណត្តិក្រុមប្រឹក្សាខេត្តបាត់ដំបង រំលេចសមិទ្ធផលការងារអាណត្តិទី៣
បាត់ដំបង៖នៅសល់ពេលមិនច្រើនថ្ងៃទេ នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ខាងមុខគឺជាថ្ងៃបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌអាណត្តិទី៤។ចំណែកក្រុមប្រឹក្សាខេត្តបាត់ដំបងក៏បានបើកកិច្ចលើកទី ៦០ និងជាកិច្ចប្រជុំចុងក្រោយបញ្ចប់ក្នុងអាណត្តិទី៣ (២០១៩-២០២៤) ក្រោមវត្តមានឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រជុំចុងក្រោយដែលបានប្រារព្ធកាលពីថ្ងៃទី២១ ខែឧសភាបានផ្តោតសំខាន់ក្នុងការឆ្លុះបញ្ចាំងអំពីសកម្មនិងលទ្ធផលការងារនិងសមិទ្ធផលនានារបស់ក្រុមប្រឹក្សាខេត្តសម្រេចបានក្នុងអាណត្តិរបស់ខ្លួនកន្លងមក។ឯកឧត្តម អ៊ុយ រី បានថ្លែងថា ក្នុងអាណត្តិទី៣របស់ខ្លួន រដ្ឋបាលឯកភាពខេត្តបាត់ដំបងបានបន្តខិតខំប្រឹងប្រែងនិងសម្រេចបាននូវបេសកកម្មធំៗចំនួនបី។សមិទ្ធផលទី១ ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ។សមិទ្ធផលទី២ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ និងសមិទ្ធផលទី៣ បានបន្តកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតដោយផ្តើមចេញពីការបោះជំហានទៅមុខប្រកបដោយសក្តានុពលក្នុងបរិបទនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

ចំណែកឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងនាមគណៈអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរនិងអរគុណចំពោះក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៣ ដែលសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជាមួយគណៈអភិបាល ខេត្តដែលរួមចំណែកដល់ការសម្រេចគោលដៅនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ទាំងសុខសន្តិភាពទាំងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ជូនជាតិមាតុភូមិ ។ជាមួយនឹងសមិទ្ធផលមេរៀន និងបទពិសោធន៍ល្អនៅ ក្នុងអាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត ធ្វើឱ្យរដ្ឋបាលខេត្តមានលទ្ធភាពបន្តពង្រឹងស្មារតីខិតខំ និងស្វាហាប់អនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយយកចិត្តទុកដាក់ដើម្បីអនុវត្តឱ្យបានជោគជ័
យនូវផែនការ យុទ្ធសាស្ត្រថ្មីៗ សម្រេចឱ្យបានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០ ដោយឈរលើមនសិការជាតិ ជាមូលដ្ឋានដោយ ប្រកាន់ខ្ជាប់អភិក្រមទាំងប្រាំ របស់រាជរដ្ឋាភិបាល គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )


