អភិបាលខេត្តកំពតប្រាប់ពលរដ្ឋឱ្យអនុវត្តបីចំណុចដើម្បីពន្លឿនការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
កំពត ÷ ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី ក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានប្រាប់ដល់ម្ចាស់ក្បាលដីទាំងអស់ដែលនឹងត្រូវធ្វើការវាស់វែងនាពេលខាងមុខ ត្រូវចូលរួមសហការជាមួយមន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឱ្យបានល្អ ដើម្បីពន្លឿននៃការចុះវាស់វែង។
ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ពលរដ្ឋទាំងអស់ត្រូវអនុវត្តបីចំណុចសំខាន់ៗ។ទី១. ត្រូវរៀបចំនូវឯកសារនៃការកសាងបណ្ណ ,ឯកសារដែលពាក់ព័ន្ធនឹងនីតិវិធីនៃការចេញបណ្ណឱ្យបានគ្រប់គ្រាន់តាមការណែនាំរបស់មន្ត្រីជំនាញ, ទី២. ម្ចាស់ក្បាលដីទាំងអស់ ត្រូវទៅបោះបង្គោលព្រំរបស់ខ្លួនជាមួយអ្នកដែលជាប់ព្រំដីនឹងគ្នា ដើម្បីសម្គាល់ដីរៀងៗខ្លួនឱ្យបានច្បាស់លាស់ និងទី៣. ម្ចាស់ដីទាំងអស់ជៀសឱ្យផុតពីបញ្ហាទំនាស់ព្រំដី ដែលជាកត្តាមួយធ្វើឱ្យមានការយឺតយ៉ាវក្នុងដំណើរការអនុវត្តការងារចុះបញ្ជីដីធ្លី។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានស្តីទីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូនាពេលនេះមានចំនួន ១១ភូមិ ។ក្នុងនោះឃុំថ្មីមានចំនួនប្រាំមួយភូមិ ,ឃុំព្រៃថ្នងមានប្រាំភូមិ។ឃុំទាំងពីរមានផ្ទៃដីសរុប ១២.០៨១ហិកតា មានក្បាលដីសរុបប្រមាណ ២០.៨៤៦ក្បាលដី ស្មើនឹង ១០.២១២គ្រួសារ ៕
អត្ថបទនិងរូបភាព៖ សិលា សារិន