គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទីប្រាំពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៤ ប្រព្រឹត្តទៅដោយរលូន
ភ្នំពេញ៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃទីប្រាំពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
គ.ជ.ប បានបន្តថា តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ឃើញថា៖
- គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅ ២៥ រាជធានី ខេត្ត ដោយនៅខេត្តក្រចេះ មានការហែក្បួនឃោសនាបោះឆ្នោត ហើយនៅខេត្តឧត្ដរមានជ័យ បាត់ដំបង ប៉ៃលិន ព្រះសីហនុ និងខេត្តកំពត មានការចាក់មេក្រូផ្សព្វផ្សាយ។ ដោយឡែក នៅ ១៩ រាជធានី ខេត្តទៀត មានសកម្មភាពជួបប្រជុំ ចាក់មេក្រូផ្សព្វផ្សាយ បង្ហាញលំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោត។
- គណបក្ស ឆន្ទៈខ្មែរ បានធ្វើការឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ ខេត្តកណ្ដាលបន្ទាយមានជ័យ តាកែវ កំពត ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ និងខេត្តព្រះវិហារ តាមរយៈសកម្មភាពជួបប្រជុំ ចុះជួបអ្នកបោះឆ្នោតតាមខ្នងផ្ទះ និងចាក់មេក្រូផ្សព្វផ្សាយ។
- គណបក្ស កម្លាំងជាតិ បានលើកស្លាកគណបក្សនៅខេត្តតាកែវ។
- គណបក្សហ៊្វុនស៊ិនប៉ិច បានជួបប្រជុំនៅខេត្តត្បូងឃ្មុំ និងខេត្តស្ទឹងត្រែង ព្រមទាំងបានចាក់មេក្រូផ្សព្វផ្សាយនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ព្រះសីហនុ ស្វាយរៀង កណ្ដាល សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តបាត់ដំបង។
- គណបក្សខ្មែររួបរួមជាតិ ពុំទាន់ធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅឡើយទេ។
គ.ជ.ប បានបញ្ជាក់ថា ជារួម ដំណើរការឃោសនាបោះឆ្នោតនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ រីឯការបោះឆ្នោតនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ ៣:០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង ២០៩ ការិយាល័យ នៅទូទាំងប្រទេស៕