មេដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ កោតសរសើរពីវីរភាពអង់អាចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជរដ្ឋាភិបាលរយៈពេល៩ខែមកនេះ

ភ្នំពេញ៖ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានកោតសរសើរពីវីរភាពអង់អាចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយពុំបានគិតពីការនឿយហត់ក្នុងការដឹកនាំរាជរដ្ឋាភិបាលរយៈពេល៩ខែមកនេះ។ ការខិតខំប្រឹងប្រែងរបស់សម្តេចធិបតី បានរំលេចឡើងនូវរូបរាងជាច្រើនពាក់ព័ន្ធជាមួយនឹងសមិទ្ធផលផ្សេងៗ ដូចជាការលុបបំបាត់គ្រឿងញៀនកំពុងបន្តដូចភ្លៀងរលឹម។

ឯកឧត្តម អ៊ុន វិសិទ្ធគុន បានបន្តថា ការចេញទៅទស្សនកិច្ចនៅក្រៅប្រទេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ទទួលបានលទ្ធផលជាច្រើនតាំងពីតាំងពីពេលចូលកាន់តំណែងមក។ឯកឧត្តមគាំទ្រនូវការខិតខំប្រឹងប្រែងរបស់សម្តេចធិបតី និងបដិសេធរាល់ពាក្យសំដីអ្នកនយោបាយក្រៅប្រទេសដែលមើលងាយរិះគន់ជាន់ពន្លិចដល់ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានបង្ហាញទស្សនៈថា ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះ កំពុងដើរស្របទៅតាមគោលនយោបាយបញ្ចកោណដែលសម្តេចធិបតីបានរៀបចំ។ អ្វីដែលជាពិសេសទៅទៀតនោះ គឺការកំណត់ទិសដៅនៃការជីកព្រែកហ្វូណនតេជោនៅពេលខាងមុខនេះឱ្យបានជោគជ័យ។ សម្តេចធិបតីខិតខំដើម្បីឱ្យបាននៅសមិទ្ធផលថ្មីនេះ គឺមិនមែនជារឿងងាយស្រួលមិនមែនជារឿងគិតភ្លាមបានភ្លាមនោះទេ គឺមានការបែងចែកគិតគូរវែងឆ្ងាយណាស់ទស្សនចក្ខុវិស័យ។ មិនដូចអ្នកដែលអង្គុយចាំជាន់ពន្លិចចាំតែរិះគន់នោះទេ។

សូមជម្រាបថា គិតមកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានអាយុកាលបាន៩ ខែហើយ។ រាជរដ្ឋាភិបាលបន្តវេននីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសមត្ថភាពពេញលេញក្នុងការដឹកនាំប្រទេសតាមគន្លងបន្ទាត់គៅលនយោបាយដែលដាក់ចេញដោយគណបក្សប្រជាជនកម្ពុជាដោយឥតងាករេ និងដោយរក្សាបាននូវប្រក្រតីភាព និងនិរន្តរភាពនៃសមិទ្ធផលធំទាំងអស់ដែលសាងឡើងដោយរាមច្បងជំនាន់មុន។ មិនត្រឹមតែថែរក្សា ការពារបាននូវសមិទ្ធផលចាស់ ប៉ុន្តែ រាជរដ្ឋាភិបាលបន្តវេនក៏បានខិតខំបង្កើតស្នាដៃថ្មីៗបន្ថែមទៀតជូនជាតិនិងប្រជាជន។ ជាពិសេស គោលនយោបាយគាំពារប្រជាពលរដ្ឋក្រីក្រ ក្នុងគ្រប់ដំណាក់កាលចាប់ពីថ្ងៃចាប់កំណើតក្នុងផ្ទៃរហូតដល់វ័យចាស់ជរា ពោលគឺជាការគាំពារពេញមួយជីវិតតែម្តង។ សមត្ថភាព និងភាពម៉ត់ចត់ល្អិតល្អន់នេះហើយដែលបានទាក់ទាញការគាំទ្រយ៉ាងពេញលេញពីប្រជាពលរដ្ឋ៕
ដោយ៖ពលជ័យ

ads banner