កម្ពុជានឹងនាំយកសត្វខ្លាធំចំនួនបួនក្បាលពីប្រទេសឥណ្ឌា នៅចុងឆ្នាំនេះ
ភ្នំពេញ៖ កញ្ញាបណ្ឌិត ស៊ូ វណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance) បានបញ្ជាក់ថា សត្វខ្លាធំមកពីប្រទេសឥណ្ឌា ដែលគ្រោងនាំមកកាន់កម្ពុជាក្នុងជំហានទី១ នេះ មានឈ្មោលចំនួនមួយ ក្បាល និងញីចំនួនបីក្បាល ។បើកម្ពុជាទទួលជោគជ័យ ក្នុងការថែទាំ និងអភិរក្សខ្លាធំចំនួនបួនក្បាល ដែលនឹងមកដល់នៅពេលឆាប់ៗខាងមុខ គឺរដ្ឋាភិបាលប្រទេសមួយនេះ នឹងបង្កើនការផ្ដល់ជូនដល់១១ក្បាលបន្ថែមទៀត។ សត្វខ្លាធំទាំងបួនក្បាល នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។
សត្វខ្លាធំដែលគ្រោងលែង ក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រការត្បាតរបស់ឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេ សដូចជាការបំពាក់វិទ្យុទាក់ទង លើសត្វខ្លា ការតាមដានដំណើរសត្វខ្លា ពីផ្កាយរណប ហើយទិន្នន័យដែលប្រមូលបាន ត្រូវគ្រប់គ្រងដោយក្រសួងបរិស្ថាន ខណៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានរៀបចំដំឡើងកាំមេរ៉ាស្វ័យប្រវត្តិ ចំនួន៤១០គ្រឿង នៅឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីសិក្សាឱ្យបានច្បាស់លាស់ នូវរបាយចំនួនសត្វព្រៃ ដែលជាចំណីសត្វខ្លាឱ្យបានជាក់លាក់។
សូមជម្រាបថា គម្រោងស្តារសត្វខ្លាធំ ឬ ខ្លាដំបងនេះ ជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈ រវាងប្រទេសទាំងពីរកាលពីខែវិច្ឆិកាឆ្នាំ២០២២ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រ សម្រាប់ការអភិរក្សសត្វខ្លាធំ នៅកម្ពុជា។
នៅក្នុងសន្និសីទព័ត៌មានស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្ដារសត្វខ្លាធំនៅកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាបានឱ្យដឹងថាការប្រគល់សត្វខ្លាធំនេះអាចនឹងធ្វើឡើងអំឡុងពេលខែវិច្ឆិកា ឬខែធ្នូខាងមុខ។ប៉ុន្តែការប្រគល់សត្វខ្លាមកកម្ពុជាអាចពន្យាពេលយូរជាងនេះបន្ថែមទៀតក៏អាចថាបាន អាស្រ័យទៅលើអាកាសធាតុ និងកត្តារួមផ្សំមួយចំនួនទៀត។
បើតាមឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាបានបញ្ជាក់ថា ការប្រគល់សត្វខ្លាធំនេះ ជំហានទី១ ដែលប្រទេសអ្នកស្រីប្រគល់ឱ្យកម្ពុជា ហើយបើគម្រោងនេះទទួលជោគជ័យប្រទេសឥណ្ឌានឹងបង្កើនការផ្ដល់ជូនដល់១១ក្បាលបន្ថែមទៀត។
ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការនាំសត្វខ្លាធំមកកម្ពុជានឹងនាំមកនូវសារៈប្រយោជន៍ជាច្រើនដល់កម្ពុជា។ក្នុងនេះក្រៅពីស្តារសត្វព្រៃដែលបាត់បង់ហើយ នៅអាចជាផ្នែកមួយសំខាន់សម្រាប់បម្រើលើវិស័យទេសចរណ៍,សម្រាប់បង្កើនជីវភាពសហគមន៍មូលដ្ឋានថែមទៀត។
គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បានកើតឡើងបន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វា ធ្លាប់បានរកឃើញនៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន ភាគនិរតី និងភាគខាងជើងប្រទេសកម្ពុជា។
ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ៕
អត្ថបទ៖ង៉ានទិត្យ
រូបភាព៖រិន រចនា