ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួនប្រាំនៅស្រុកចំនួនបីនៅខេត្តស្វាយរៀង មានទីស្នាក់ការថ្មី
ស្វាយរៀង៖ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចំនួនប្រាំស្ថិតនៅស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ និងស្រុករំដួល ត្រូវបានសម្ពោធឱ្យប្រើប្រាស់ដំណាលគ្នាក្នុងពេលតែមួយ ខណៈពិធីជានិមិត្តរូបប្រារព្ធនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំធ្លក ស្រុកស្វាយជ្រំ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ក្រោមវត្តមានឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិជាតំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។
អគារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងប្រាំនេះជាអំណោយរបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលមានតម្លៃ ៧៥.០០០ដុល្លារអាមេរិក។ អគារទាំងប្រាំមាន៖ ប៉ុស្តិ៍រដ្ឋបាលធ្លក, ប៉ុស្តិ៍រដ្ឋបាលឈើទាល, ប៉ុស្តិ៍រដ្ឋបាលគ្រួសនៅស្រុកស្វាយជ្រំ , ប៉ុស្តិ៍រដ្ឋបាលព្រះពន្លា នៅស្រុកកំពង់រោទិ៍ និងប៉ុស្តិ៍រដ្ឋបាលថ្នាធ្នង់ ស្រុករំដួល។ជាមួយនឹងការសម្ពោធអគារថ្មីសន្លាង ក្នុងនាមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឌី វិជ្ជា បាននាំយកអំណោយជាសម្ភារៈកុំព្យូរទ័រលើតុមួយគ្រឿង និងម៉ាស៊ីនព្រីនធ័រមួយគ្រឿងផ្តល់ជូនប៉ុស្តិ៍រដ្ឋបាលនីមួយៗ។
ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បញ្ជាក់ថា អំណោយដ៏ថ្លៃថ្លានេះចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ប្រសិទ្ធភាព និង គុណភាពនៃការផ្ដល់សេវាសាធារណៈ និងសេវាសន្តិសុខ ដែលជាមុំដ៏សំខាន់មួយមានកំណត់ នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ឯកឧត្តមបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាល មានតួអង្គសំខាន់មួយ ក្នុងចំណោមតួអង្គសំខាន់ទាំងប្រាំនៅមូលដ្ឋានដែលមានទំនាក់ទំនងផ្ទាល់និងជិតស្និទ្ធបំផុតទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងជាតួអង្គដ៏ចម្បងផងដែរនៅក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។
ចំណែកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានត្រូវបន្តបង្ក្រាបបញ្ហាបទល្មើសគ្រឿងញៀន ,ល្បែងស៊ីសងជាដើម។ក្នុងនោះត្រូវត្រៀមជាប់ជានិច្ចនូវការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ពិសេសការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕
ដោយ៖នុត នាង