នាវាជើងដំបូង ជប៉ុននេសាទត្រីបាឡែនខ្នាតធំ ចំនួន២០០ក្បាល

 
ដូចការគ្រោងទុក ជប៉ុនបានចាប់ផ្តើមនេសាទត្រីបាឡែនខ្នាតធំ បែបពាណិជ្ជកម្មរបស់ខ្លួនឡើងវិញ កាលពីថ្ងៃអង្គារ ក្នុងនោះ នាវាជើងដំបូង បានដាក់គោលដៅ នេសាទឲ្យបានចំនួន២០០ក្បាល រហូតដល់ចុងឆ្នាំ២០២៤ នេះ។
 
កប៉ាល់ Kangei Maru ទម្ងន់ជាង៩ម៉ឺនតោន តម្លៃ៤៨លានដុល្លារអាមេរិក  ដែលបានចេញដំណើរចេញពីទីក្រុង Shimonoseki បានបង្ហាញពីសករាជថ្មី សម្រាប់ឧស្សាហកម្មនេសាទត្រីបាឡែនខ្នាតធំ ឡើងវិញ។ នាវា Kangei Maru ត្រូវបំពេញបេសកកម្មបរបាញ់ ជាច្រើនខែ តាមបណ្តោយឆ្នេរសមុទ្រភាគឦសាន របស់ប្រទេសជប៉ុន។
 
លោក Hideki Tokoro ប្រធានគ្រប់គ្រងនាវា Kangei Maru បានប្រកាសថា «នេះគឺជាកប៉ាល់ថ្មី សម្រាប់យុគសម័យថ្មី ដែលជានិមិត្តរូប នៃសម័យកាល ការនេសាទត្រីបាឡែន ពាណិជ្ជកម្ម ឡើងវិញ របស់ជប៉ុន»។
 
ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានប្រកាសថា ត្រីបាឡែនហ្វីន ឬ ត្រីបាឡែនខ្នាតធំ នឹងត្រូវស្ថិតក្នុងបញ្ជីប្រភេទត្រីបាឡែនពាណិជ្ជកម្ម នៅក្នុងដែនទឹក និងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ឡើងវិញ បន្ទាប់ពីការដកខ្លួនចេញពីគណៈកម្មការត្រីបាឡែនអន្តរជាតិ ហៅកាត់ IWC កាលពី៥ឆ្នាំមុន។ ភ្លាមៗ ក្រោយការដកខ្លួន ជប៉ុនបានផ្តើមនេសាទត្រីបាឡែនខ្នាតតូចៗ ចំនួនបីប្រភេទ មុនពេលឈានដល់ត្រីបាឡែនខ្នាតធំនេះ។ ការនេសាទនេះត្រូវបានរិះគន់ពីក្រុមបរិស្ថាន ពាក់ព័ន្ធនឹងការស្រាវជ្រាវវិទ្យាសាស្ត្រត្រីបាឡែន ដោយផ្អែកតាមបទប្បញ្ញត្តិរបស់ IWC ស្តីពីការហាមឃាត់ការបរបាញ់ត្រីបាឡែន ពាណិជ្ជកម្ម៕
 
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner