ភរិយាអភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមពិធីបុណ្យ​វិសាខបូជានៅវត្តកែវវិជ័យ

ពោធិ៍សាត់៖កាលពីថ្ងៃពុធ១៥កើតខែពិសាខត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ដែលជាថ្ងៃប្រារព្ធពិធីបុណ្យវិសាខបូជា លោក​ជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយស​សាខា​សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ជាភរិយា​ឯកឧត្តមអភិបាលខេត្តពោធិសាត់និងសហការី បាន​អញ្ជើញចូលរួមពិធីបុណ្យវិសាខបូជា ដែលប្រារព្ធធ្វើ​នៅវត្ត​កែវវិជ័យ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់។

នៅថ្ងៃបុណ្យវិសាខបូជានេះដែររដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំក្បួនដ៏ធំមួយក្នុងទីរួមខេត្តដោយមានការនិមន្ត ការចូលរួម​ពី​លោកតា លោកយាយ ពុទ្ធសាសនិក យុវជន យុវនារី យ៉ាង​ច្រើនកុះករក្បួនដង្ហែចែកចេញជាផែនទី១.ផែនព្រះអង្គ​ប្រសូត្រ​​​​​(ឧទ្យានលុម្ពិនី)ដែលមានព្រះមេគណខេត្តនិងថ្នាក់ដឹកនាំ, ទី២.ជាផែនត្រាស់ដឹង(ពុទ្ធគយា) ដែលអមដង្ហែដោយ​មន្ទីរ អង្គភាពចម្រុះ និងទី៣ ជាផែនព្រះអង្គបរិនិព្វាន(នគរកុសិនារា) ហែហមពីក្រោយដោយសិស្ស និស្សិត និងយុវជនជាដើម។ ក្បួនដង្ហែមានរថយន្ដហង្ស រថយន្ដមន្ត្រីរាជការ ម៉ូតូកង់បី គោយន្ដ និងម៉ូតូជាច្រើនគ្រឿងទៀត ដោយធ្វើដំណើរចេញ​វត្តកែវវិជ័យ​តាមមាត់ស្ទឹង ឆ្ពោះទៅកាន់បុរីវប្បធម៌កោះ​សំពៅ​មាស ដង្ហែជុំវិញទីប្រជុំជនខេត្ត រួចហើយទើបត្រឡប់មក​កាន់​វត្តកែវវិជ័យវិញ ។

សូមជម្រាបថា បុណ្យវិសាខបូជាប្រារព្ធធ្វើឡើង ដើម្បីរំលឹក​នឹកដល់អភិលក្ខិតសម័យទាំងបីគឺ៖ ១.ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់​ប្រសូត្រចាកចេញពីព្រះឧទ្ទរព្រះមាតា ។ ២.ព្រះសម្មា​សម្ពុទ្ធ​បរមគ្រូ ទ្រង់បានត្រាស់ដឹងនូវ​អនុត្តរ​សម្មាសម្ពោធិ​​ញ្ញាណ និង៣.ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់រម្លត់ក្ខន្ធចូល​កាន់ព្រះបរិនិព្វាន៕
ដោយ៖ចេង ពុំ

ads banner