ចាប់ពីម៉ោង ១០យប់ថ្ងៃទី២៤ រហូតដល់ថ្ងៃបោះឆ្នោត គឺជាពេលវេលាដែលត្រូវរក្សាភាពស្ងប់ស្ងាត់

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ នៃគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានថ្លែងថា ៖ ចាប់ពីម៉ោង ១០យប់ថ្ងៃទី២៤ នេះ រហូតដល់ថ្ងៃបោះឆ្នោត គឺជាពេលវេលាដែលត្រូវរក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកពេលវេលាឱ្យអ្នកបោះឆ្នោតត្រៀមខ្លួន ត្រៀមឯកសារ សម្រាប់ទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ ឯកឧត្តម សោម សូរីដា សមាជិកគ.ជ.ប បានថ្លែងក្នុងពិធីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការសរុបព្រឹត្តិការណ៍ទូទៅនៃការឃោសនាបោះឆ្នោត ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការនិងលេខកូដការិយាល័យបោះឆ្នោតនិងនីតវិធីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការផ្សព្វផ្សាយនៃលទ្ធផលការបោះឆ្នោត ។

ក្នុងពិធីដែលបានរៀបចំឡើងនារសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តម សោម សូរីដា បានឱ្យដឹងថា៖ក្នុងរយៈពេល ៨ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គ.ជ.ប សង្កេតឃើញថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមមណ្ឌលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ មិនមានកើតឡើងនូវរូបភាពអវិជ្ជមានណាមួយឡើយ។

ឯកឧត្តមលើកឡើងដោយបញ្ជាក់បន្ថែមថា” ក្នុងរយៈពេល ៨ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌបានប្រព្រឹត្តទៅដោយរលូន”។

ឯកឧត្តម សោម សូរីដា បានឱ្យដឹងបន្ថែម ថាចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ ក្នុងដំណើរការឃោសនាបោះឆ្នោត មានបណ្ដឹងចំនួន២ ដែលបានដាក់ និងដោះស្រាយរួចរាល់នៅ គ.ខ.ប ព្រះវិហារ និងស្វាយរៀង” ។

ឯកឧត្តម សោម សូរីដា ឱ្យដឹងដែរថា ៖ សម្រាប់ការរាប់សន្លឹកឆ្នោតត្រូវអនុវត្តដោយឡែកពីគ្នាតាមប្រភេទក្រុមប្រឹក្សានីមួយៗ ដោយត្រូវចាប់ផ្តើមពីការរាប់សន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ឬក្រុមប្រឹក្សាស្រុក ឬក្រុមប្រឹក្សាខណ្ឌជាមុន បន្ទាប់មកទើបអនុវត្តការរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ឬក្រុមប្រឹក្សាខេត្តជាក្រោយ ។ សម្រាប់ការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត នៅ គ.ជ.ប បានបង្កើតគណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត ដែលមានអនុ-គណៈកម្មការចំនួន ៣ គឺអនុគណៈកម្មការសម្របសម្រួល អនុគណៈកម្មការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ និងអនុគណៈកម្មការផ្សព្វផ្សាយ ដើម្បីគ្រប់គ្រងការពិនិត្យ ផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងទាន់ពេលវេលា ។

ឯកឧត្តម បន្ថែមថា ៖ លទ្ធផលបឋមនៃការបោះឆ្នោតត្រូវបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ ដោយប្រព័ន្ធកុំព្យូទ័រ ជាជំនួយទាំងនៅថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងថ្នាក់ គ.ជ.ប។ ដោយមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា លទ្ធផលបឋមនៃការបោះឆ្នោត នឹងត្រូវផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា (ទទក) តាមវិទ្យុជាតិកម្ពុជា និងតាមប្រព័ន្ធអ៊ិនធឺណិតក្នុង គេហទំព័រ គ.ជ.ប electresult.nec.gov.kh, App NEC KH, Channel YouTube និងតាម Facebook Page របស់ គ.ជ.ប ផងដែរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner