តំបន់រ៉ាមសារបឹងទន្លេឆ្មារនៅតែជាទីជម្រក និងទីតាំងដ៏ល្អសម្រាប់សត្វស្លាបរកចំណី
(ភ្នំពេញ)៖ក្រុមមន្រ្ដីឧទ្យានុរក្សបានប្រទះឃើញ និងកត់ត្រានូវវត្ដមានហ្វូងសត្វត្រដក់ធំ និងសត្វស្លាបទឹកជាច្រើនក្បាលកំពុងរកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដែលមួយចំនួនធំជាប្រភេទកំពុងរងគ្រោះជាសកល។
តំបន់រ៉ាមសារបឹងទន្លេឆ្មារដែលស្ថិតក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប មានផ្ទៃដីសរុបចំនួន ២៨ម៉ឺនហិកតា នៅតែបន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាទីជម្រក និងទីតាំងរកចំណីសម្រាប់សត្វស្លាបទឹកជាច្រើនប្រភេទ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ថាក្នុងការកត់សំគាល់គឺហ្វូងសត្វត្រដក់ធំដែលមានជាច្រើនក្រុមនិងមានចំនួនយ៉ាងតិច២០ក្បាល ។
ជាមួយគ្នានេះអង្គការជីវិតធម្មជាតិនៅកម្ពុជាបានគាំទ្រដល់ឧទ្យានុរក្សតំបន់រ៉ាមសារនេះធ្វើការល្បាតតាមដានជីវចម្រុះចាប់តាំងពីឆ្នាំ២០២០មក ចំនួនត្រដក់ធំដែលធ្លាប់កត់ត្រាបានកន្លងមកច្រើនបំផុតមានប្រម៉ាណជា១០ក្បាលប៉ុណ្ណោះ។ក្នុងឆ្នាំនេះប្រឈមនិងការប្រែប្រួលអាកាសធាតុ ក្រុមការងារយើងសង្កេតឃើញកំណើនវត្ដមានហ្វូងសត្វចូលមករកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ នេះសរបញ្ជាក់ពីសក្ដានុពលនៃតំបន់ដីសើមមួយនេះ ក្នុងការដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្ដល់ជាទីជម្រក និងទីតាំងរកចំណី ។
គួរបញ្ជាក់ថាតំបន់រ៉ាមសារទន្លេឆ្មា នេះ សម្បូរដោយរុក្ខជាតិ មច្ឆាប្រភេទកម្រ ក្នុងនោះដូចជាត្រីរាជ ត្រីគល់រាំង។ ចំពោះថនិកសត្វ មានដូចជា ភេខ្លួនរលោង ខ្លាត្រី និងពពួកសត្វស្លាបទឹក។ សត្វទាំងនោះភាគច្រើន ជាប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់លើពិភពលោក ដូចជារនាលស រនាលពណ៌ ទុងប្រផេះ ពពួលទឹក ស្មោញ ត្រដក់តូច និងត្រដក់ធំ។ ជាពិសេសតំបន់នេះមានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹកដែលអំណោយផលដល់អេកូទេសចរណ៍បែបធម្មជាតិ ៕
ដោយ ៖ ម៉ាដេប៉ូ