កម្ពុជា មានធារាសាស្ត្រជាង២៣០០កន្លែង អាចស្រោចស្រពបាន ៦៣ភាគរយនៃផ្ទៃដី
ភ្នំពេញ៖រហូតមកដល់ពេលនេះ កម្ពុជាមានប្រព័ន្ធធារាសាស្ត្រសរុប២ ៣៥២កន្លែង ដែលអាចស្រោចស្រពផ្ទៃដីកសិកម្មជិតពីរលានហិកតា ឬស្មើ ៦៣ ភាគរយប៉ុណ្ណោះនៃផ្ទៃដីកសិកម្មសរុបជាង៣លានហិកតា។ អ្នកឃ្លាំមើល យល់ថា ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នមិនគ្រប់គ្រាន់សម្រាប់ប្រទេសកម្ពុជាដែល ៨០ភាគរយនៃប្រជាជនពឹងផ្អែកលើការធ្វើកសិកម្ម។ ការដាំដុះជាច្រើននៅតែត្រូវពឹងលើប្រភពទឹកបែបបូរាណ ដូចជាបឹងបួរ អូរស្ទឹង និង ទឹកភ្លៀង។
ប្រព័ន្ធធារាសាស្ត្រទាំងជាងពីរពាន់កន្លែង នោះ រួមមាន អាងស្តុកទឹក ដែលអាងនីមួយៗ អាចរក្សាទឹកពី៥០ ម៉ឺនម៉ែត្រគូប រហូតច្រើនជាង៥០លានម៉ែត្រគូប ហើយក៏មានប្រព័ន្ធប្រឡាយ ដែលប្រឡាយខ្លះក៏ដើរតួជាប្រភពស្រូបនិងបញ្ចៀសទឹកជំនន់ផងដែរ។
សំណង់ធារាសាស្ត្រធំជាងគេមួយ គឺទំនប់ពហុបំណង ឬទំនប់សេកសកនៅខេត្តបាត់ដំបង។ ទំនប់នេះ មានតម្លៃជាង១០០ លានដុល្លាអាចស្រោចស្រពបានជាង៦ម៉ឺនហិកតា។ ធារាសាស្ត្រធំបន្ទាប់ គឺទំនប់អាងស្តុកទឹក រក្សា ស្ថិតនៅលើដងស្ទឹងសែននៃខេត្តព្រះវិហារ។ ធារាសាស្ត្រនេះអាចស្រោចស្រពបានជិត១សែន ៥ ម៉ឺនហិកតានៅរដូវវស្សា និងបានដល់ជាង ២២ម៉ឺនហិកតានៅរដូវប្រាំង។
ក្រៅពីនោះ មានប្រឡាយធំៗមួយចំនួនផងដែរ ដូចជាប្រឡាយលេខ១៥ នៅខេត្តតាកែវ។ មានប្រវែងជាង ៥៦គីឡូម៉ែត្រ ប្រឡាយលេខ១៥ អាចស្រោចស្រពផ្ទៃដី ប្រមាណ១២០០០ ហិកតា។ ប្រឡាយទឹកថ្មីមួយខ្សែទៀតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ផលដំណាំដល់ទៅ ៣៤៦០០ ហិចតា។ ម្យ៉ាងទៀតប្រឡាយនេះក៏អាចរំដោះទឹកជំនន់ពីទំនប់អាងអូរខៃដនដែលភ្ជាប់ពីប្រទេសថៃផងដែរ។
លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និយាយថា ក្រសួងកសិកម្មគួរសាងសង់ប្រព័ន្ធធារាសាស្ត្របន្ថែមទៀត ជាពិសេសតំបន់ដែលអាចមានលទ្ធភាពដាំដុះដំណាំដែលទទួលបានតម្លៃថ្លៃខ្ពស់ជាងដំណាំស្រូវ។លោកគណនាថា ការសាងសង់អាងស្តុកទឹក និងប្រព័ន្ធប្រឡាយ អាចទាញយកផលចំណេញដល់ទៅ១០ ដងពីការដាំដុះ បើធៀបនឹងការពឹងអាស្រ័យលើទឹកភ្លៀង។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ទទួលស្គាល់ថា ការទាញយកទឹកពីប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ទាំងនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ប៉ុន្តែឯកឧត្តមបានអះអាងថា ក្រសួងកំពុងសម្រុកធ្វើបន្ថែមទៀត។
កសិកម្មជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលចូលរួមចំណែក៣៥ភាគរយនៃផលិតផលក្នុងស្រុកសរុប។ នៅក្នុងរបាយការណ៍នាពេលកន្លងមក ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ខ្លួនត្រូវការថវិកាប្រមាណ ៦០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ដើម្បីកសាង និងស្ដារប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់បម្រើដល់វិស័យកសិកម្ម។ ឯកឧត្តម ថោ ជេដ្ឋា នៅតែមានសុទិដ្ឋិនិយម ដោយរំពឹងថា ការកែលម្អការគ្រប់គ្រងទឹកនឹងផ្តល់នូវការគ្របដណ្តប់កាន់តែប្រសើរឡើងនៅទូទាំងប្រទេស។
ទោះយ៉ាងណា ដោយសារប្រទេសកម្ពុជាប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីការប្រែប្រួលអាកាសធាតុផង លោក ច័ន្ទ សុផល លើកឡើងថា ការគិតគូរពីភាពរឹងមាំ និងនិរន្តភាពនៃប្រព័ន្ធធារាសាស្ត្រជារឿងសំខាន់ ដើម្បីធានាថាសក្តានុពលកសិកម្មរបស់កម្ពុជាត្រូវបានសម្រេចយ៉ាងពេញលេញ៕
ដោយ៖ឡុង គីមម៉ារីតា Apsara Tonight