រថយន្តទំនើបៗ និងម៉ូតូរាប់រយគ្រឿង ចាប់ផ្ដើមប្រណាំងគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរ
ភ្នំពេញ៖រថយន្តស្ព័រចំនួន ១៦គូ និងម៉ូតូធំចំនួន ៣០គូ បានចាប់ផ្តើមធ្វើការប្រណាំងគ្នានៅរសៀលថ្ងៃសុក្រនេះនៅក្នុងអតីតព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប ដើម្បីអ្វីដែលក្រុមមន្ត្រីហៅថាជំរុញទេសចរមកទស្សនាខេត្តប្រាសាទបុរាណខ្មែរនេះឱ្យបានច្រើន។
តាមគម្រោងមានរថយន្តស្ព័រនិងម៉ូតូធំសរុបចំនួន ៦០០ គ្រឿងនឹងចូលរួមព្រឹត្តិការណ៍ជួបជុំរថយន្ត និងម៉ូតូ ឬCar & Bike festival ដែលរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែឧសភា នេះ។ ការរៀបចំព្រឹត្តិការណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាលើកស្ទួយជីវភាពពលរដ្ឋនៅមូលដ្ឋាន ដែលពឹងអាស្រ័យលើវិស័យនេះ ផងដែរ។ នេះបើតាមការអះអាងរបស់ក្រុមមន្ត្រីផ្លូវការ។
លោក ពីជិត សិរីរិទ្ធ អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃក្រសួងទេសចរណ៍ប្រាប់ Apsara Tonight ថា នៅថ្ងៃទីមួយនេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើន ចាប់អារម្មណ៍ចូលរួមទស្សនា ក្នុងព្រឹត្តិការណ៍នេះ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលកំពុងចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ប្រាប់ Apsara Tonight ថា តាមរយៈព្រឹត្តិការណ៍នេះ នឹងជួយជំរុញទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ដនៅកម្ពុជា ដោយសារតែអ្នកដែលបានចូលរួមប្រាកដថតរូបសប្បាយៗ ស្អាតៗ ហើយបង្ហោះនៅលើបណ្ដាញសង្គម និងលើកទឹកចិត្តឲ្យជនបរទេសចាប់អារម្មណ៍មកទស្សនាប្រទេសកម្ពុជា។
ព្រឹត្តិការណ៍ជួបជុំរថយន្ត និងម៉ូតូ ឬCar & Bike festival រូមមានកម្មវិធីបង្ហាញឈុតប៉ារ៉ាម៉ូតូ, កម្មវិធីប្រណាំងម៉ូតូ និងរថយន្តផ្ដាច់ព្រ័ត្រ, ក្បួនដង្ហែម៉ូតូធំ, កម្មវិធីចែកពានរង្វាន់ដល់អ្នកឈ្នះ និងកម្មវិធីប្រគុំតន្ត្រី ជាដើម៕
ដោយ៖ឃួន សុភ័ក្រ Apsara Tonight