កម្ពុជាទាញសញ្ញាអាសន្នចំពោះក្មេងទំនើង

ភ្នំពេញ៖យុវជន​ប្រាំបីនាក់​ត្រូវ​ចាប់​ឃាត់​ខ្លួ​ន​ក្នុង​ខណ្ឌ​ទួល​គោក​ រាជធានីភ្នំពេញ នៅវេលា​ថ្ងៃត្រង់ ថ្ងៃសុក្រទី២៤ ខែឧសភានេះ ដោយ​បាន​រកឃើញ​ជាប់​នឹង​ពួកគេ​នូវ​កាំបិត ដាវ និង​គ្រឿងញៀន។ មួយថ្ងៃមុននេះក្រុម​សមត្ថកិច្ច​ខណ្ឌមានជ័យ​ បានចុះ​ល្បាតនិង​អប់រំ​ក្រុម​យុវជនជាច្រើន​ដើម្បី​ទប់​ស្កាត់​សកម្មភាព​ក្មេង​ទំនើង។

​វិធានការ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​ក្រុម​ក្មេង​ទំនើង​បង្ក​អំពើ​ហឹង្សា​ កាច​សាហាវ​ ជាច្រើន​ ដោយ​ប្រើ​ដាវ និង​កាំបិត​ ដេញ​កាប់គ្នា​ក្នុង​រាជធានីភ្នំពេញ។

        ​កាល​ពី​ថ្ងៃទី២៣ ខែ​ឧសភា ​កន្លង​ទៅ​នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ​បាន​ប្រកាសថា «សកម្មភាពក្មេងទំនើងបានកើតមានឡើងជាញឹកញាប់ និង មានចរិតកាចសាហាវគួរឱ្យព្រួយបារម្ភ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ បង្កឱ្យមានការភ័យខ្លាច និងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងរំខានដល់ការរស់នៅរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន»។

អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏​បាន​ប្រកាស​ឱ្យ​ដឹង​បន្ថែមថា​ខ្លួន​​នឹងចាត់គ្រប់វិធានការ ដើម្បី«បង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពរក្មេងទំនើង ឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត»។

​វិធានការ​របស់​ក្រុម​ប៉ូលិស ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ដាក់​បញ្ជាយ៉ាងម៉ឺងម៉ាត់​ក្រុម​អាជ្ញាធរ និង​សមត្ថកិច្ច​«រឹតបន្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់»ចំពោះក្រុមក្មេងទំនើង។ ក្រុម​ក្មេង​ទំនើង​ដែល​សម្តេច​សម្គាល់​ឃើញថា​ បាន​បង្ក ដោយ​ប្រើប្រាស់កាំបិត ដាវ ពូថៅ និង​បង្កឲ្យ«ប៉ះពាល់ដល់សណ្តាប់សាធារណៈ សន្តិសុខសង្គម ពិសេស ភាពសុខសាន្តរបស់ប្រជាជន»។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លើកឡើងថា ក្មេងទំនើង​នៅ​កម្ពុជា កើត​ឡើង​ដោយ​សារ​មាន​ការ​ផ្សព្វផ្សាយពី​អំពើហិង្សាសង្គម ​ដោយសារសីលធម៌សង្គមធ្លាក់ចុះ ដោយ​ការ​ប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ដោយសារ​កង្វះ​ការ​អប់រំ និង​ដោយសារការអនុវត្តនយោបាយភូមិឃុំសុវត្តិភាពមិនទាន់បានល្អ។

គោល​នយោបាយ​ភូមិឃុំសុវត្ថិភាពដែល​ផ្តោត​លើ​ការ​បង្ក្រាប​អំពើចោរកម្ម ការប្រឆាំង​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស ស្ត្រីនិង​កុមារ ការ​ប្រឆាំង​អំពើហិង្សា​ក្នុង​គ្រួសារ និង​​រក្សារ​សណ្តាប់​ធ្នាប់​សន្តិសុខ សុវត្ថិភាព​ប្រជាពលរដ្ឋ​តាមមូលដ្ឋាន ជាដើម៕

ដោយ៖ជិន ម៉ាដេប៉ូ-Apsara Tonight  

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner