Xiaomi លក់បាន ១០ពាន់លានដុល្លារ ក្នុងពេលបីខែ
ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Xiaomi បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងត្រីមាសដំបូង ឬ បីខែដើម ឆ្នាំ២០២៤ ការលក់របស់ខ្លួន បានកើនឡើងដល់ជាង ១០ពាន់លានដុល្លារអាមេរិក មានកំណើន ២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។
ក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេ លំដាប់ទីបី របស់ពិភពលោក មួយនេះ បានបញ្ជាក់ថា កំណើននៃការលក់នេះគឺគាំទ្រដោយការលក់ទូរស័ព្ទដែលលក់បានចំនួនជិត ៦ពាន់៥០០លានដុល្លារ កើនឡើងជិត ៣៣ភាគរយ ធៀបនឹងត្រីមាសដំបូង នៃឆ្នាំ២០២៣។
ក្រុមហ៊ុននេះក៏ទើបបានសម្ពោធដាក់លក់រថយន្តអគ្គិសនីដំបូង របស់ខ្លួន កាលពីខែមីនា នៅក្នុងទីផ្សារប្រទេសចិន ក្នុងនោះ រួមមានទាំង រថយន្ត SU7 ដែលបំពាក់ដោយឧបករណ៍ខារ៉ាអូខេ និងទូរទឹកកកខ្នាតតូចទៀតផង។ របាយការណ៍ប្រាក់ចំណូល បញ្ជាក់ថា គិតត្រឹមចុងខែមេសា ការបញ្ជាទិញឡាន Xiaomi SU7 Series បានកើនឡើងដល់ ជិត៩ម៉ឺនគ្រឿង។ ក្រុមហ៊ុនបានអះអាងថា កំណើននៃការចំណាយ លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ទាក់ទងនឹងអាជីវកម្ម EV ព្រមទាំង ការផ្តួចផ្តើមគំនិតថ្មីៗ គឺជាកត្តាជំរុញដល់ការលក់។
បង្កើតឡើង ក្នុងឆ្នាំ ២០១០ ក្រុមហ៊ុន Xiaomi បានរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈយុទ្ធសាស្រ្តទីផ្សារសម្ភារៈទំនើប និងមានតម្លៃសមរម្យ និងការចាប់ផ្តើមលក់ តាមរយៈបណ្តាញអនឡាញ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត