មាសធ្លាក់ថ្លៃគំហុកជាង ១០០ដុល្លារ ការទិញ-លក់ ស្ងប់ស្ងាត់
ភ្នំពេញ៖នៅថ្ងៃសុក្រនេះ មាសនៅលើទីផ្សារកម្ពុជា បានបន្តធ្លាក់ថ្លៃយ៉ាងគំហុកបើធៀបនឹងដើមសប្តាហ៍។ ពោលគឺមិនដល់មួយសប្តាហ៍ផង តម្លៃមាសបានដាំក្បាលចុះចំនួន១១០ ដុល្លារអាមេរិក ក្នុងមួយតម្លឹង។
កាលពីថ្ងៃចន្ទដើមសប្តាហ៍ មាសមួយតម្លឹងមានតម្លៃ ២ ៩៣០ដុល្លារ ខណៈដែលថ្ងៃសុក្រទី២៤ ខែឧសភា នេះតម្លៃចុះមកត្រឹម ២ ៨២០ដុល្លារ។ នេះបើតាមការអះអាងរបស់ក្រុមអាជីវករលក់មាសនៅរាជធានីភ្នំពេញ។
អ្នកស្រី ចាន់ ម៉ាលីស អាជីវករលក់គ្រឿងអលង្ការជិត២០ឆ្នាំនៅផ្សារធំថ្មីប្រាប់ Apsara Tonight ថា មាសបានធ្លាក់ថ្លៃជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ស្របពេលមាសចុះថ្លៃ ចរន្តនៃការទិញលក់មាសក៏មានភាពស្ងប់ស្ងាត់ផងដែរ។
អ្នកស្រី ស៊ឹម សុវិលក្ម្សី អ្នកលក់គ្រឿងអលង្ការមួយរូបទៀតនៅផ្សារធំថ្មីដែរ ក៏សម្គាល់ឃើញពីការធ្លាក់ចុះនូវតម្រូវការមាសដូចគ្នាដែរ។ អ្នកស្រីបញ្ជាក់ថា អ្នកទិញមាសមានប្រមាណតែ១០ភាគរយប៉ុណ្ណោះខណៈដែលអ្នកយកមាសមកលក់វិញ មានរហូតដល់ ៩០ភាគរយ។
អាជីវករលក់មាសមួយរូបទៀត អ្នកស្រី ជុត គីមសែ វាយតម្លៃថា បើទោះជាមាសធ្លាក់ថ្លៃមកវិញ នាពេលនេះតែតម្លៃមាសអាចហក់ឡើងដល់ ៣ពាន់ដុល្លារ មកវិញ ក្នុងមួយតម្លឹង មុននឹងនៅថេរតម្លៃ ឬចាប់ផ្តើមចុះជាថ្មីម្តងទៀត។
ប៉ុន្តែលោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរិធី យល់ផ្ទុយពីនេះ។ លោកគិតថា មាសអាចនឹងស្ទុះឡើងដល់ ៣ ០១០ដុល្លារ ក្នុងមួយតម្លឹងក្នុងពេលឆាប់ៗខាងមុខ។ អ្នកវិភាគតម្លៃមាសរូបនេះ មើលឃើញថា ទំហំនៃការទិញមាសរបស់ក្រុមវិនិយោគិនលើពិភពលោកមានចំនួនច្រើនលើសលប់ ដែលរុញឱ្យតម្លៃមាសកាន់តែស្ទុះឡើងខ្លាំង ខណៈដែលប្រាក់ដុល្លារចុះខ្សោយការជួញដូរមាសមានស្ថិរភាពវែងឆ្ងាយជាង។
គួរសម្គាល់ថា តម្លៃមាសចាប់ផ្តើមស្ទុះឡើងនៅចុងឆ្នាំ២០២៣ប្រមាណ២ ៣០០ដុល្លារ ក្នុងមួយតម្លឹង។ ហើយតម្លៃមាស បន្តងើបឡើងដល់ ២ ៩៦០ដុល្លារ នៅខែមេសា ឆ្នាំ ២០២៤ ដែលជារដូវចូលឆ្នាំខ្មែរ។ ប៉ុន្តែចូលដល់ខែឧសភា តម្លៃបានប្រែប្រួលទៅតាមទីផ្សារអន្តរជាតិ និងបានធ្លាក់ចុះជាប់ៗគ្នា នៅក្នុងសប្តាហ៍ទី៣នេះ។
យោងតាមភ្នាក់ងារសារព័ត៌មាន រ៉យទ័រ(Reuters) មាសបានធ្លាក់ចុះដល់កម្រិតទាបក្នុងសប្តាហ៍នេះ ដោយសារអ្នកវិនិយោគមានការភ័យខ្លាចចំពោះការប្រែប្រួលនៃគោលនយោបាយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងសញ្ញារឹងមាំសាជាថ្មីសកម្មភាពអាជីវកម្មនានានៅអាមេរិក។ ប៉ុន្តែ Reuters ដោយផ្អែកលើអ្នកជំនាញលើកឡើងថា ការធ្លាក់ចុះនេះអាចក្នុងកម្រិតមួយប៉ុណ្ណោះ តែមិនបញ្ជាក់ថាមាសអាចនឹងឡើងថ្លៃវិញក្នុងកម្រិតណាទេ៕
ដោយ៖ទួន សុផល Apsara Tonight