បាក់ដំបូលភោជនីយដ្ឋាន អេស្ប៉ាញ ស្លាប់៤នាក់ របួសធ្ងន់ ស្រាល ២០នាក់
ម៉ាឌ្រីដ៖ មនុស្សចំនួន៤នាក់បានស្លាប់ និង២១នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍បាក់ដំបូលភោជនីយដ្ឋានមួយកន្លែង នៅក្នុងតំបន់កោះទេសចរណ៍ Mallorca នៃប្រទេសអេស្ប៉ាញ។
ប្រធានក្រុមពន្លត់អគ្គីភ័យបានប្រាប់ថា ក្នុងចំណោមជនរងគ្រោះ មានជាច្រើនសញ្ជាតិ។ អ្នកនាំពាក្យសេវាសង្គ្រោះបន្ទាន់បានបង្ហោះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ជនរងគ្រោះ ប្រាំពីរនាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរយ៉ាងខ្លាំង ហើយប្រាំបួននាក់ ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរ ដោយពួកគេ កំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យផ្សេងៗគ្នា។
អគារកម្ពស់ពីរជាន់មួយបានដួលរលំ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ Playa de Palma នាភាគខាងត្បូង នៃប្លុកកោះ មេឌីទែរ៉ាណេ។ មូលហេតុពិតប្រាកដ នៃការបាក់រលំ នៅមិនទាន់ដឹងនៅឡើយទេ ។
នាយករដ្ឋមន្ត្រីអេស្បាញ លោក Pedro Sanchez បានសម្តែងការរំលែកទុក្ខ ទៅកាន់ក្រុមគ្រួសារជនរងគ្រោះ ហើយបានប្រាប់អាជ្ញាធរ តាមដានឲ្យបានជាប់លាប់ ចំពោះការដួលរលំអគារ ដ៏រន្ធត់នេះ។ លោកបានបន្ថែមថា រដ្ឋាភិបាលកណ្តាល ត្រូវបញ្ជូនធនធានចាំបាច់ទាំងអស់ ជួយដល់អាជ្ញាធរ ក្នុងតំបន់ ដោះស្រាយស្ថានការណ៍។
កោះ Mallorca ត្រូវបានគេល្បីឈ្មោះ ដោយសារទឹកសមុទ្រ និងឆ្នេរ ដ៏បរិសុទ្ធ ហើយកោះមួយនេះ ទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ លំដាប់ទី២ របស់អេស្ប៉ាញ។ យោងតាមតួលេខផ្លូវការ បានឱ្យដឹងថា ភ្ញៀវទេសចរជាង ១៤ លាននាក់បាន ទៅលេងកោះមួយនេះ កាលពីឆ្នាំមុន។
ការដួលរលំ កាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើង នៅដើមរដូវកាលទេសចរណ៍ ដ៏ពេញនិយម របស់ប្រជុំកោះដែលនៅតាមផ្លូវមាត់សមុទ្រ គេឃើញមានហាង និងកន្លែងកម្សាន្ត ជាច្រើន។
យ៉ាងណាមិញ កាលពីឆ្នាំ២០០៩ នៅទីនោះ ធ្លាប់មានការដួលរលំបាក់អគារ ៣ជាន់ សម្លាប់មនុស្ស៧ នាក់ដែលសុទ្ធតែជនបរទេស៕
ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត