ជំងឺគ្រុនឈាម ក្វាតេម៉ាឡា ឆ្លងជិត២ម៉ឺននាក់

ក្វាតេម៉ាឡា៖ ប្រទេស ក្វាតេម៉ាឡា មានការឆ្លងជំងឺគ្រុនឈាម ចំនួនជិត ២ម៉ឺននាក់ ស្លាប់មនុស្សជាង១០នាក់ ខណៈដែលអាជ្ញាធរប្រទេសស្ថិតក្នុងតំបន់អាមេរិកកណ្តាលមួយនេះ កំពុងធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស នៅតាមសាលារៀន និងមានវិធីសាស្ត្រ ផ្សេងៗទៀត។

ប្រធានាធិបតីនៃប្រទេសហ្គាតេម៉ាឡា លោក បឺណាដូ អារ៉េ វ៉ាឡូ (Bernardo Arévalo) កាលពីខែមេសា ធ្លាប់បានប្រកាសភាពអាសន្នផ្នែកសុខភាពជាតិ ជុំវិញការកើនឡើង នៃករណីជំងឺគ្រុនឈាម។ ប្រទេសមួយនេះបានរាយការណ៍ថា មានមនុស្ស ១៨២៥៦នាក់បានឆ្លង និងស្លាប់ យ៉ាងតិចណាស់ ចំនួន១២នាក់ហើយ នៅឆ្នាំ២០២៤នេះ។

អង្គការសុខភាព OPS ប្រចាំតំបន់អាមេរិកឡាទីន និងតំបន់ការាបៀន បានលើកឡើងថា នៅឆ្នាំ២០២៤នេះ ទំនងជាឆ្នាំនៃជំងឺគ្រុនឈាម ដែលអាចចូលរួមចំណែកពីបាតុភូត អែល នីណូ (El Niño) និងការប្រែប្រួលអាកាសធាតុផ្សេងៗទៀត។

ជំងឺគ្រុនឈាម គឺជាជំងឺរាតត្បាតនៅក្នុងតំបន់ត្រូពិច ដែលបណ្តាលឱ្យមនុស្ស មានអាការៈ ក្តៅខ្លួនខ្លាំង ឈឺក្បាល ក្អួតចង្អោរ ឈឺសាច់ដុំ ហើយបើករណីធ្ងន់ធ្ងរខ្លាំង ជំងឺនេះអាចបណ្តាលឱ្យ មនុស្សស្លាប់បាន។ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានព្រមាន កាលពីខែមេសា ឆ្នាំ ២០២៣ថា គ្រុនឈាម និងមេរោគផ្សេងៗដែលចម្លងដោយសត្វមូស បានរីករាលដាល កាន់តែច្រើនឡើងៗ។

សម្រាប់តំបន់មួយនេះ នៅប្រទេសហុងឌូរ៉ាសវិញ មានករណីគ្រុនឈាម ជាង១ម៉ឺន៦ពាន់ករណី ស្លាប់១១នាក់ ខណៈដែលប្រទេសប៉ាណាម៉ា មានគ្រុនឈាម ជាង៤ពាន់ករណី ក្នុងឆ្នាំ២០២៤នេះ។ រីប្រទេស កូស្តា រីកា, អែល សាលវ៉ាឌឺ និងនីការ៉ាក្វា សុទ្ធតែបានរាយការណ៍ ពីការណីរាប់ពាន់ករណី នៃជំងឺគ្រុនឈាម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner