ប្រធាន គ.ជ.ប៖ ការបោះឆ្នោតក្រុមប្រឹក្សា មានការិយាល័យបោះឆ្នោតពីរ

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ថា “មានតែការបោះឆ្នោតក្រុមប្រឹក្សាទេ កន្លែងមួយមានការិយាល័យបោះឆ្នោតពីរ គឺការិយាល័យបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងការិយាល័យបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត។ ក្នុងមួយការិយាល័យមានហិបឆ្នោតពីរ យើងត្រូវតែគិតហើយ ការរៀបចំការលំដាប់លំដោយ។”

ការបញ្ជាក់នេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការរៀបចំការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅការិយាល័យលេខ ០០០១ និង លេខ ០០១០ ដែលឋិតនៅវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ក្នុងស្រុកកណ្ដាលស្ទឹង និងវិទ្យាល័យ ហ៊ុន សែន ស្អាង ក្នុងស្រុកស្អាង នៃខេត្តកណ្ដាល នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានអះអាងថា គ.ជ.ប បានត្រៀមរៀបចំសម្រាប់ការបោះឆ្នោតរួចរាល់អស់ហើយ។ សន្តិសុខ សណ្តាប់ធ្នាប់ ក៏ត្រៀមលក្ខណៈរួចរាល់ហើយដែរ។ ប្រធាន គ.ជ.ប បានបន្តថា អ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែង សូមត្រៀមលក្ខណៈទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។

សូមជម្រាបថា អ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមានសិទ្ធិបោះឆ្នោតចំនួន ២ដង ដោយលើទីមួយ អ្នកបោះឆ្នោត នឹងត្រូវទទួលសន្លឹកឆ្នោតដែលមានពណ៌ផ្ទៃមេឃ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុ ក ខណ្ឌ ហើយសន្លឹកឆ្នោតនេះត្រូវដាក់ទៅក្នុងហិបឆ្នោតដែលស្ថិតនៅលើតុអនុប្រធានការិយាល័យបោះឆ្នោត រួចហើយ ទើបគាត់ទទួលបានសន្លឹកឆ្នោតមួយសន្លឹកទៀតដែលមានពណ៌ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ហើយដែលត្រូវដាក់ចូលទៅក្នុងហិបឆ្នោតដែលស្ថិតនៅលើតុសមាជិកទី១។ អ្នកបោះឆ្នោត តម្រូវឱ្យជ្រលក់ម្រាមដៃចូលក្នុងទឹកខ្មៅលុបមិនជ្រះ នៅក្រោយពេលគាត់បានបោះឆ្នោតទាំងពីរសន្លឹកនេះរួច។ ការបោះឆ្នោត នឹងត្រូវបន្តរហូតដល់អស់អ្នកដែលត្រូវមកបោះឆ្នោត ឬករណីមានអ្នកមកបោះឆ្នោតជាបន្តបន្ទាប់ ការិយាល័យបោះឆ្នោតនឹងត្រូវដំណើរការរហូតដល់ម៉ោង ៣:០០រសៀល៕
ដោយ៖ពលជ័យ

ads banner