អភិបាលខេត្តបាត់ដំបង អញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងសាលារៀនចិន លាន ហួ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ចាវ ហៃយាន អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំព្រះរាជា ណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីនិងសមិទ្ធផលនានា ក្នុងសាលារៀនចិន លាន ហួខេត្តបាត់ដំបងដែលទើបកែលម្អនិងសាងសង៎បន្ថែមទៀតដើម្បីបំពេញសេចក្តីត្រូវការចាំបាច់របស់សាលា។ ពិធីនេះ ក៏មានវត្តមានឧកញ៉ា ចឹង មានហ្វា តំណាងសមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា អ្នកតំណាងរា
ស្ត្រមណ្ឌលខេត្តបាត់ដំបង ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត និងភ្ញៀវជាច្រើនរូប។
ថ្លែងក្នុងឱកាសនេះឯកឧត្តម ចាវ ហៃយាន អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានចាត់ទុកសមិទ្ធផលដែលស្ថិតនៅ
ចំពោះមុខនិងសម្ពោធនៅថ្ងៃនេះបានបង្ហាញពីការខិតខំរួមគ្នារបស់សាខាសមាគមខ្មែរ-ចិន ខេត្តបាត់ដំបង និងពីថ្នាក់ដឹក
នាំសាលា លោកគ្រូអ្នកគ្រូ និងមិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្ររបស់អាជ្ញាធរ នៃរដ្ឋបាលខេត្ត-ក្រុងមន្ទីរអប់រំ។ឯកឧត្តមក៏បានកោតសរសើរនិងអរគុណដល់ថ្នាក់
ដឹកនាំសាខាសមាគមនិងសាលារៀន ព្រមទាំងសប្បុរសជនខ្មែរ-ចិន ជិតឆ្ងាយ ដែលបានរួមចំណែកក្នុងការកសាង ដើម្បីជំរុញឱ្យការអប់រំបណ្តុះបណ្តាលធនធានភាសាចិនបានកាន់តែច្រើននិងដើម្បីរួមចំណែកពង្រឹងដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងមិត្តភាព កម្ពុជា-ចិន ផងដែរ។
ចំណែកឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានវាយតម្លៃខ្ពស់ចំពោះសប្បុរសជនដែលជាម្ចាស់ជំនួយដែលបានរួមចំណែក ក្នុងការអភិវឌ្ឍនូវវិស័យអប់រំផ្នែកភាសាបរទេសមាន ភាសាអង់គ្លេស,បារាំង…ជាពិសេសភាសាចិនដែលកំពុងតែមានការបណ្តុះបណ្តាលកាន់តែច្រើន នៅតាមបណ្តាគ្រឹះស្ថានសិក្សានានាក្នុងខេត្ត ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។
តាមការបញ្ជាក់ពីតំណាងសមាគមខ្មែរ-ចិនខេត្តបាត់ដំបងគឺសមិទ្ធផលនេះជាការរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា”ស្តីពីការអប់រំនិងការបណ្តុះបណ្តាលធនធានមនុស្ស”ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងដើម្បីជំរុញការអភិវឌ្ឍប្រទេស។អគារសិក្សាថ្មីនេះ ជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោម សមិទ្ធផលនានា ដែលមានក្នុងសាលារៀនចិន លាន ហ៊ួរ ដោយមានកិច្ចសហការសម្របសម្រួលពីអាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ ជាមួយនិងសប្បុរសជនបានធ្វើឱ្យសាលារៀនសម្រេចបាននូវសមិទ្ធនិងអគារសិក្សាថ្មីបន្ថែមទៀតដោយចំណាយថវិកាសរុបចំនួន ២៦៦. ៥៥០,៥០ដុល្លារអាមេរិក៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)