នគរបាលស្រុកចន្ទ្រា បង្ក្រាបក្រុមក្មេងទំនើងបានបីនាក់ក្រោយធ្វើសកម្មភាពដេញវាយកាប់គ្នា
ស្វាយរៀង៖ នគរបាលខេត្តស្វាយរៀងបានបង្ក្រាបក្មេងទំនើងនិងឃាត់ខ្លួនបានចំនួន៣នាក់ ក្រោយធ្វើសកម្មភាពដេញវាយនិងកាប់គ្នាយ៉ាងសាហាវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ប្រភពបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែឧសភា ក្រោយពីបានទទួលព័ត៌មានថា មានក្រុមក្មេងទំនើងប្រាំនាក់កំពុងធ្វើសកម្មភាពដេញវាយ និងកាប់ នៅចំណុចភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានបង្ក្រាប និងបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួនបីនាក់ក្រោយពីសកម្មភាពវាយ និងកាប់លើជនរងគ្រោះពីរនាក់បណ្តាលឳ្យរបួសធ្ងន់ ស្រាលពីរនាក់ ព្រមទាំងបានដកហូត ម៉ូតូ មួយគ្រឿង និងវត្ថុមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ចកិច្ច ក្រុមក្មេងទំនើងទាំង៣នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានដេញវាយ និងកាប់លើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំងបីនាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕
ដោយៈ នុត នាង