កង្កែបអាចម៍គោ ជាប្រភពចំណូលមួយរបស់ប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ
ស្វាយរៀង៖ អ្នកឆ្លុះកង្កែបអាចម៍គោ សប្បាយរីករាយដោយសារសាច់សត្វកង្កែបប្រភេទនេះមានទីផ្សារល្អហើយបានតម្លៃសមរម្យ ដែលពីមុនមកពុំសូវមានទីផ្សារនោះទេ គឺមានតែតាមតៀមលក់ទឹកត្នោតជូរធ្វើជាគ្រឿងក្លែមប៉ុណ្ណោះ។
កង្កែបអាចម៍គោ ជាឈ្មោះកង្កែបមួយប្រភេទ មាឌតូចប៉ុនគ្នានឹងកង្កែបប្រុយដែរ ប៉ុន្តែដងខ្លួនខ្លី ជើងក៏ខ្លីៗដែរ សម្បុរស្ទើរលឿង នៅតែក្នុងកំពាយអាចម៍គោលើគោក។ អ្នកឆ្លុះកង្កែបអាចម៍គោ រស់នៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ បានឳ្យដឹងថា ពេលមានភ្លៀងធ្លាក់ម្ដងៗគាត់បានចេញឆ្លុះកង្កែបអាចម៍គោនិងកង្កែបកូប ដើម្បីយកទៅលក់នៅផ្សារវាលយន្តស្វាយរៀង ក៏ដូចជាផ្សារមួយចំនួនទៀតនៅក្នុងខេត្ត ។លោកថា កង្កែបនេះបានតម្លៃខ្ពស់ ជាងកង្កែបចិញ្ចឹម។
ប្រភពដដែលបន្តថា កង្កែបធម្មជាតិបកស្បែកហើយមួយគីឡូតម្លៃបីម៉ឺនរៀល ។បើប្រៀបធៀបសាច់មាន់មួយគីឡូក្រាមតម្លៃ២៨.០០០រៀល ។កង្កែបចិញ្ចឹមបកហើយតម្លៃ១៨.០០០រៀលទៅ២០.០០០រៀលប៉ុណ្ណោះ។ចំណែកកង្កែបអាចម៍គោវិញ នៅស្រស់មួយគីឡូតម្លៃ២០.០០០រៀល ។បើធ្វើជាចង្កាក់ហាលស្ងួតមួយដុំតម្លៃ ១០ ០០០រៀល(១០ចង្កាក់)បើសម្បូរមួយដុំ តម្លៃ៥.០០០រៀលទៅ៧.០០០រៀល។
ជុំវិញការរកកង្កែបអាចម៍គោនេះដែរ ស្ត្រីឈ្មោះ ស៊ុម សំបូរ អាយុ៤២ឆ្នាំ នៅភូមិបាយ៉ាប ឃុំប្រាសាក់ ស្រុកស្វាយជ្រំ បានឳ្យដឹងថា គាត់មានកូនប្រុសបីនាក់ ,ប្តីគាត់ប្រកបមុខរបរនេសាទត្រី នៅបឹងបាយ៉ាប ពេលមានភ្លៀងធ្លាក់ហើយរលឹម គឺប្តីគាត់ទៅឆ្លុះកង្កែបនិងចាប់កង្កែបអាចម៍គោបានច្រើន។ ប៉ុន្តែនៅតាមមាត់បឹងជិតផ្ទះរកលែងបានហើយ គឺខ្សត់កង្កែបនិងកង្កែបអាចម៍គោ។ដូច្នេះប្តីគាត់ត្រូវទៅឆ្លុះនៅឯមាត់បឹងនិងតាមវាលស្រែជិតព្រំដែនទើបមាន ។ក្នុងមួយយប់រកបានកង្កែបពីរគីឡូក្រាមទៅបីគីឡូក្រាម ។បកហើយលក់បានមួយគីឡូតម្លៃបីម៉ឺនរៀល ។ចំណែកកង្កែបអាចម៍គោមួយយប់រកបានប្រាំគីឡូក្រាម ។កង្កែបអាចម៍គោស្រស់ វះពោះស្អាត ក្នុងមួយគីឡូក្រាម តម្លៃពីរម៉ឺនរៀល ។
រីឯស្ត្រីឈ្មោះប៊ី សាមុំ អាយុ៣០ឆ្នាំ នៅភូមិបាយ៉ាប បានប្រាប់ថា នាងមានកូនស្រីបីនាក់ប្រកបមុខរបរនេសាទត្រី ។នៅពេលមានភ្លៀងធ្លាក់ប្តីគាត់ទៅឆ្លុះកង្កែបផងនិងចាប់កង្កែបអាចម៍គោផង។ ក្នុងមួយយប់ឆ្លុះកង្កែបបានមួយគីឡូ ទៅពីរគីឡូ ។ចំណែកកង្កែបអាចម៍គោរកបានពីបីគីឡូ ទៅបួនគីឡូក្រាម ។ គាត់សប្បាយចិត្តដោយកង្កែបនិងកង្កែបអាចម៍គោលក់បានថ្លៃហើយងាយស្រួលលក់។ មកដល់ផ្សារក្រមួន ភ្លាមមានគេមករោមទិញភ្លាមតែ១០នាទីលក់អស់ហើយ។
ចំណែកស្ត្រី ម្នាក់រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ អ្នកលក់ត្រីនិងកង្កែបអាចម៍គោក្រៀមនិយាយថា ប្តីនិងកូនៗគាត់ប្រកបមុខរបរនេសាទត្រី២០ឆ្នាំមកហើយដាក់មង ចងសន្ទូច និងអូសអួន ។ពេលមានភ្លៀងធ្លាក់កូនៗដើរឆ្លុះកង្កែបនិងចាប់កង្កែបអាចម៍គោ ។ចំណែកកង្កែបអាចម៍គាត់មិនលក់ស្រស់ទេ គាត់ប្រឡាក់គ្រឿងរ៉ូទី រួចដោតជាចង្កាក់ ហាលឳ្យក្រៀមទើបយកមកលក់ ។បើគ្មានអ្នកណាយកមកលក់គាត់លក់ក្នុងមួយដុំ(១០ចង្កាក់)មួយម៉ឺនរៀល ។បើមានគេយកមកលក់ច្រើន គឺមួយដុំលក់បានតម្លៃ៥.០០០រៀល ទៅ៧.០០០រៀលប៉ុណ្ណោះ។
ទោះបីយ៉ាងណាពលរដ្ឋបានលើកឡើងថា កង្កែបអាចម៍គោក៏ប្រឈមនឹងការថយចុះដែរ ដោយសារប្រជាពលរដ្ឋធ្វើស្រូវប្រាំងហើយបាញ់ថ្នាំសត្វល្អិត ធ្វើឳ្យពុលដល់សត្វនៅក្នុងស្រែ អនាគតអាចផុតពូជផងដែរ៕
ដោយៈនុត នាង