កម្ពុជា ដណ្ដើមបានមេដាយ ១៤គ្រឿង ពីការប្រកួតកីឡាវាយសីយុវជនអាស៊ី

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ក្រុមកីឡាវាយសីកម្ពុជាក្រោមអាយុ ១៧ឆ្នាំដណ្តើមបានមេដាយចំនួន ១៤គ្រឿងពីព្រឹត្តិការណ៍កីឡាវាយសីយុវជនអាស៊ីនៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវពីថ្ងៃទីថ្ងៃទី២២-២៦ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការការជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា មេដាយចំនួន១៤ដែលក្រុមកីឡាវាយសីកម្ពុជា ដណ្ដើមបាននេះ គឺឈ្នះលើវិញ្ញាសាក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ ឈ្នះមេដាយប្រាក់ ២ និងសំរឹទ្ធ ៤ និងក្រុមអាយុក្រោម ១៥ឆ្នាំ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ៥ ។ រីឯវិញ្ញាសាក្រុមចម្រុះ(Mix Team Event) គឺក្រុមអាយុក្រោម ១៥ឆ្នាំ ឈ្នះមេដាយប្រាក់ ១ និងក្រុមអាយុក្រោម ១៧ឆ្នាំ ឈ្នះមេដាយសំរឹទ្ធ ១ ។

ឯកឧត្តម ប្រធានសហព័ន្ធ បានចាត់ទុកសមិទ្ធផលមេដាយដែលដណ្តើមបានពីការប្រកួតកម្រិតអន្តរជាតិនេះ គឺជាសញ្ញាណវិជ្ជមានមួយបានបង្ហាញថា យុវជនបន្តវេនកំពុងបោះជំហ៊ានទៅរកភាពរីកចំរើន ដ្បិតកីឡាករ-កីឡាការិនី ដែលសហព័ន្ធបានបញ្ជូនទៅចូលរួមការប្រកួតនៅឡាវនេះ ភាគច្រើនជាកីឡាករ-កីឡាការិនីក្មេងខ្ចី ទើបចូលរួមប្រកួតអន្ដរជាតិលើកដំបូង ហើយមានអាយុតិចជាងការកំណត់ ។ ដូច្នេះគឺជាបទពិសោធន៍ដ៏ល្អ សម្រាប់ពួកគេ ក្នុងការអភិវឌ្ឍសមត្ថភាព និងខំប្រឹងបន្ថែម ដើម្បីអនាគតកាន់តែប្រសើរ ក្នុងអាជីពកីឡាវាយសី ។

ការឈ្នះមេដាយចំនួន១៤គ្រឿងពីការប្រកួតកីឡាវាយសីកម្រិតអាស៊ីនេះ ក៏ទទួលបានសាទរពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងដែរ។សម្តេចក៏បានផ្ញើសារអបអរសាទក្រុមកីឡាវាយសីវ័យក្មេងកម្ពុជា ដែលដណ្ដើមបានមេដាយជូនជាតិពីការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ី (Badminton Asia Southeast Asia Regional Junior Championships) ឆ្នាំ២០២៤ ។

សូមរំលឹកថា ព្រឹត្តិការណ៍ BA SEA Regional Junior Championships បានរៀបចំដំបូង កាលពីឆ្នាំ២០២៣ ដោយផ្ដើមចេញពីប្រទេសកម្ពុជា ក្រោមគម្រោងអភិវឌ្ឍន៍របស់សហព័ន្ធកីឡាវាយសីអាស៊ី ដល់បណ្ដាប្រទេសមិនសូវមានសក្ដានុពលផ្នែកកីឡាវាយសី ដើម្បីជំរុញការអភិវឌ្ឍ និងធានានូវការបណ្ដុះបណ្ដាលធនធានចូលរួមការប្រកួតអន្ដរជាតិនានា ដូចជាស៊ីហ្គេមជាដើម តាមរយៈការផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីវ័យក្មេងក្នុងតំបន់ បានចូលរួមប្រកួត និងបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner