ព្រឹត្តិការណ៍ ជំនួបយានយន្ត គឺជាផលិតផលទេសចរ ដ៏ទាក់ទាញ
សៀមរាប៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត និងម៉ូតូ ក្រោមប្រធានបទ “ជំនួបយានយន្ត ជំរុញទេសចរណ៍” ចាប់ពីថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ខេត្តសៀមរាប រៀបចំឡើងក្នុងគោលបំណងចូលរួមជំរុញយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” និងរួមចំណែកជំរុញប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្ត “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ ក៏ដូចជា ការជំរុញចលនាទេសចរក្នុងស្រុកបានបញ្ចប់ដោយជោគជ័យ។
ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា គ្រប់អាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យដ៏សំខាន់នៅក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបានបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗជាច្រើន ជាក់ស្តែងព្រឹត្តិការណ៍នៃជំនួបម៉ូតូ និងយានយន្តនេះ បានបង្ហាញអំពីការបង្កើតនូវកញ្ចប់ផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ទាញទាំងទេសចរបរទេស និងទេសចរក្នុងស្រុក ស្របតាមយុទ្ធសាស្រ្ត “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ និងយុទ្ធនាការផ្សព្វផ្សាយ “ឆ្នាំទស្សនាសៀមរាប ២០២៤”។
លោក សំកុល សុចិត្រា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ព្រឹត្តិការណ៍ជំនួបយានយន្តនេះ នឹងជួយជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ជាពិសេសផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩។
ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានបញ្ជាក់ថា ក្រៅពីជួយទាក់ទាញទេសចរ ការរៀបចំព្រឹត្តការណ៍នេះ ក៏មានគោលបំណងចង់ឱ្យអ្នកដែលស្រឡាញ់យានយន្តចូលប្រណាំងក្នុងទីលាន ជាជាងការប្រណាំងនៅលើដងផ្លូវសាធារណៈ នាំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Car & Bike Festival ទទួលបានការគាំទ្រជាច្រើន និងមានម៉ូតូធំប្រមាណ ៥០០គ្រឿង និងរថយន្តប្រណាំងប្រមាណ ១០០គ្រឿងចូលរួម និងមានអ្នកចូលរួមទស្សនារយៈពេល ៣ថ្ងៃសរុបចំនួនប្រមាណ ៦៥,០០០នាក់ ក្រៅពីការប្រណាំងរថយន្ត និងម៉ូតូ ក៏មានការតាំងពិព័រណ៍រថយន្ត ការប្រគុំតន្ត្រី ស្តង់ពិព័រណ៍ម្ហូបអាហារផងដែរ៕
ចាន់ វិចិត្រ