បំណាក់ដីដ៏ធំនៅប៉ាពូអាស៊ីនូវែលហ្គីណេ មនុស្សជាង ៦៧០នាក់ប្រឈមការស្លាប់
ព័រម៉ូរេសប៊ី៖ មន្ត្រីអង្គការសហប្រជាជាតិម្នាក់បានប្រាប់សារព័ត៌មានបារាំង AFP កាលពីថ្ងៃអាទិត្យថា មនុស្សជាង ៦៧០នាក់ ត្រូវបានគេជឿថា ប្រហែលជាបានស្លាប់ បន្ទាប់ពីការរអិលបាក់ដីដ៏ធំនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។
ការរអិលបាក់នេះ កើតឡើងនៅភូមិ Yambali ខេត្ត Enga កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ដោយវាបានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង និងបានកប់ជនរងគ្រោះជាច្រើននាក់នៅក្រោមគំនរបាក់បែក។ ក្រុមអ្នកសង្គ្រោះកំពុងប្រឹងប្រែងជួយសង្គ្រោះ និងស្វែងរកអ្នកនៅរស់រានមានជីវិត ប៉ុន្តែប្រតិបត្តិការនេះជួបការលំបាក ដោយសារដីនៅតែបន្តរអិល និងមានថ្មធ្លាក់។
តំណាងទីភ្នាក់ងារអន្តោប្រវេសន៍អង្គការសហប្រជាជាតិ លោក Serhan Aktoprak បាននិយាយថា មានការប៉ាន់ស្មានថា គិតមកទល់ពេលនេះ មានលំនៅដ្ឋានជាង ១៥០ខ្នងបានកប់ក្រោមល្បាប់ភក់ និងថា មនុស្សច្រើនជាង ៦៧០នាក់ ត្រូវបានគេជឿថា ប្រហែលជាបានស្លាប់។ លោក Aktoprak ដែលមើលការខុសត្រូវក្រុមបុគ្គលិកសង្គ្រោះបន្ទាន់មកពីទីក្រុងព័រម៉ូរេសប៊ី បានបន្ថែមថា ស្ថានភាពពិតជាអាក្រក់ ដោយសារដីនៅតែរអិល… ទឹកក៏បន្តហូរ… ការនេះកំពុងបង្កើតហានិភ័យដ៏ធំសម្រាប់អ្នកពាក់ព័ន្ធក្នុងកិច្ចសង្គ្រោះ។
បន្ថែមលើនេះ ភ្លៀងធ្លាក់ឥតឈប់ឈរ, ផ្លូវថ្នល់រងការបំផ្លិចបំផ្លាញ និងការផ្ទុះឡើងអំពើហិង្សាកុលសម្ព័ន្ធនៅក្បែរនោះ ក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងនាំយកជំនួយទៅកាន់តំបន់រងគ្រោះមហន្តរាយផងដែរ។
ប៉ាពូអាស៊ី នូវែលហ្គីណេ ជាប្រទេសមានអាកាសធាតុសើមបំផុតមួយក្នុងពិភពលោក ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងបំផុត ដែលប្រមូលផ្តុំនៅតំបន់ខ្ពង់រាបរបស់ប្រទេសនេះ នេះបើតាមការបញ្ជាក់ពីធនាគារពិភពលោក។
ការស្រាវជ្រាវបានរកឃើញថា ការផ្លាស់ប្តូរលំនាំទឹកភ្លៀងដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ អាចបង្កើនហានិភ័យនៃការរអិលបាក់ដី។ តួយ៉ាង ឆ្នាំនេះ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅទូទាំងប្រទេសប៉ាពួញូហ្គីណេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា