លោក ហ្សេលេនស្គី អញ្ជើញលោក បៃដិន និងលោក ស៊ី ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យមេដឹកនាំអាមេរិក លោក ចូ បៃដិន និងមេដឹកនាំចិន លោក ស៊ី ជីនពីង ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីសនាខែក្រោយនេះ។

មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បានធ្វើសំណើបែបនេះជាភាសាអង់គ្លេសក្នុងឃ្លីបវីដេអូដ៏រំជួលចិត្តមួយ ដែលបង្ហាញរូបលោកឈរនៅពីមុខប្រាសាទនានាក្នុងទីក្រុង Kharkiv ភាគខាងកើត ដែលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។

លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា ខ្ញុំសូមអំពាវនាវដល់មេដឹកនាំពិភពលោក ដែលស្ថិតនៅក្រៅកិច្ចខិតខំប្រឹងប្រែងជាសកល នៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ជាពិសេសចំពោះប្រធានាធិបតីអាមេរិក លោក បៃដិន និងចំពោះប្រធានាធិបតីចិន លោក ស៊ី។

លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា សូមគាំទ្រជំនួបកំពូលសន្តិភាពនេះ ជាមួយនឹងភាពជាអ្នកដឹកនាំ និងការចូលរួមរបស់អ្នកផ្ទាល់ ហើយថា មេដឹកនាំនានាគួរតែចូលរួម ពីព្រោះកិច្ចខិតខំប្រឹងប្រែងជាសកល គឺជាការធានាដ៏ល្អបំផុត។

គួរបញ្ជាក់ថា សន្និសិទស្តីពីសង្រ្គាមអ៊ុយក្រែន គ្រោងនឹងធ្វើឡើងនៅរមណីយដ្ឋានប្រណិតមួយនៅជិតទីក្រុង Lucerne ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែមិថុនា។ រដ្ឋាភិបាលស្វីសកំពុងរៀបចំព្រឹត្តិការណ៍នេះ តបតាមសំណើរបស់អ៊ុយក្រែន។

ប្រទេសស្វីសនិយាយថា ខ្លួនបានអញ្ជើញគណៈប្រតិភូចំនួន១៦០រូប ប៉ុន្តែរុស្ស៊ីនឹងមិនចូលរួមក្នុងព្រឹត្តិការណ៍នេះទេ ហើយវត្តមានរបស់លោក បៃដិន ក៏មិនទាន់ច្បាស់នៅឡើយដែរ ខណៈដែលអ្នករៀបចំនិយាយថា ប្រទេសដែលចូលរួមមានដូចជាសមាជិកក្រុម G7 ក្រុម G20 និងក្រុម BRICS៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner