ម៉ិកស៊ិកជួបប្រទះរលកកំដៅក្តៅខ្លាំងមិនធ្លាប់មាន
ម៉ិកស៊ីកូ៖ រដ្ឋធានីម៉ិកស៊ីកូ របស់ប្រទេសម៉ិកស៊ិក បានជួបប្រទះរលកកំដៅក្តៅខ្លាំងមិនធ្លាប់មានក្នុងកំណត់ត្រាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈដែលសីតុណ្ហភាពហក់ឡើងដល់ ៣៤.៧អង្សាសេ នេះបើយោងតាមសេវាឧតុនិយមជាតិម៉ិកស៊ិក (SMN)។
សេវាឧតុនិយមជាតិម៉ិកស៊ិក (SMN) បាននិយាយថា កំណត់ត្រាសីតុណ្ហភាពខ្ពស់ត្រូវបានកត់ត្រាកាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍មុន នៅឯកន្លែងសង្កេតការណ៍សីតុណ្ហភាព Tacubaya បន្ទាប់ពីទែម៉ូម៉ែត្រវ៉ាស់កំដៅនៅក្នុងរដ្ឋធានីម៉ិកស៊ីកូ បានឈានដល់កំណត់ត្រាពីមុន គឺ ៣៤.៣អង្សាសេកាលពីថ្ងៃទី៩ ខែឧសភា។
អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យស្វយ័តជាតិម៉ិកស៊ិក បានព្រមានកាលពីថ្ងៃពុធសប្តាហ៍មុនថា ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខទៀតនេះ រលកកំដៅកាន់តែក្តៅខ្លាំង ដែលទំនងជាធ្វើឱ្យសីតុណ្ហភាពថ្មីត្រូវបានកត់ត្រាសម្រាប់ទីក្រុងម៉ិកស៊ីកូ។
រដ្ឋាភិបាលម៉ិកស៊ិកក៏បានឱ្យដឹងកាលពីថ្ងៃសុក្រដែរថា ប្រទេសរបស់ខ្លួនបានកត់ត្រាអ្នកស្លាប់ចំនួន ៤៨នាក់ ដោយសារតែរលកកំដៅក្តៅខ្លាំងបានវាយប្រហារប្រទេសខ្លួនចាប់តាំងពីខែមីនាមក។
រដ្ឋជាប់មាត់សមុទ្រភាគខាងកើតនៃរដ្ឋ Veracruz បានកត់ត្រាចំនួនអ្នកស្លាប់ខ្ពស់បំផុតដល់ទៅ ១៤នាក់ បន្ទាប់មកគឺ Tabasco, San Luis Potosi និង Tamaulipas ដែលមានចំនួន ៨នាក់។
កាលពីឆ្នាំមុន ប្រទេសម៉ិកស៊ិកបានរាយការណ៍ពីការស្លាប់ទាក់ទងនឹងរលកកំដៅចំនួន៤១៩នាក់នៅក្នុងរដូវក្តៅ ដែលចាប់ផ្តើមពីខែមីនា ដល់ខែតុលា នៅក្នុងប្រទេសដែលមានប្រជាជនសរុប ១២៩លាននាក់នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា