ព្យុះស៊ីក្លូន Remal វាយប្រហារបង់ក្លាដេស មនុស្សជិតមួយលាននាក់រត់រកជំរកសុវត្ថិភាព

ដាក្កា៖ ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយបានបោកបក់មកដល់ឆ្នេរសមុទ្រនៃប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ នាំឱ្យមនុស្សជិតមួយលាននាក់រត់ភៀសខ្លួនជាបន្ទាន់ ឆ្ពោះទៅកាន់ជម្រកមានសុវត្ថិភាព។

ប្រធាននាយកដ្ឋានឧតុនិយមបង់ក្លាដែស លោក Azizur Rahman បានប្រាប់កាសែតបារាំង AFP ថា ព្យុះស៊ីក្លូន Remal ដ៏ខ្លាំងក្លាបានចាប់ផ្តើមបោកបក់ឆ្លងកាត់ឆ្នេរសមុទ្របង់ក្លាដែស ហើយថា ព្យុះដ៏កំណាចនេះ ទំនងជាបន្តវាយលុកតំបន់ឆ្នេរសមុទ្ររហូតយ៉ាងហោចណាស់ព្រឹកព្រលឹមថ្ងៃចន្ទ (ម៉ោងក្នុងតំបន់)។ លោកបន្ថែមថា រហូតមកដល់ពេលនេះ យើងបានកត់ត្រាល្បឿនខ្យល់អតិបរមា ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែល្បឿនខ្យល់អាចនឹងកើនឡើងបន្ថែមទៀត។

ក្រុមអ្នកព្យាករណ៍បានព្យាករណ៍ថា ព្យុះស៊ីក្លូននេះដែរ ក៏នឹងបង្កជាខ្យល់កន្ត្រាក់ក្នុងល្បឿនរហូតដល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង វាយប្រហារលើប្រទេសជិតខាងឥណ្ឌាផងដែរ ខណៈអាជ្ញាធរបានដំឡើងសញ្ញាគ្រោះថ្នាក់ដល់កម្រិតខ្ពស់បំផុត។

មន្ត្រីឧតុនិយមជាន់ខ្ពស់បង់ក្លាដែស លោក Muhammad Abul Kalam Mallik បានប្រាប់កាសែត AFP ថា ព្យុះស៊ីក្លូន Remal នេះ អាចនឹងបង្កជារលកសមុទ្រមានកម្ពស់រហូតដល់ ៤ម៉ែត្រ និងខ្យល់បក់បោកខ្លាំងបំផ្លិចបំផ្លាញភូមិនានា។ ជាមួយគ្នានេះ ប្រជាជនបង់ក្លាដែសប្រហែល ៨០០,០០០នាក់បានភៀសខ្លួនចេញពីភូមិឆ្នេរសមុទ្ររបស់ពួកគេ ខណៈដែលមនុស្សជាង ៥០,០០០នាក់នៅក្នុងប្រទេសឥណ្ឌាក៏បានភៀសខ្លួនចេញពីតំបន់ព្រៃកោងកាង Sundarbans ដ៏ធំផងដែរ។

គួរបញ្ជាក់ថា ព្យុះស៊ីក្លូនបានសម្លាប់មនុស្សរាប់សែននាក់ក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ប៉ុន្តែចំនួននៃព្យុះកំបុតត្បូងដែលវាយប្រហារប្រទេសឆ្នេរសមុទ្រ ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលនេះ បានកើនឡើងយ៉ាងខ្លាំងដោយក្នុងមួយឆ្នាំទៅបីលើក ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner