ស្ត្រីទី១ កម្ពុជា កោតសរសើរចំពោះបេសកកម្មរបស់ អង្គការមូលនិធិកុមារកម្ពុជា (CCF) បានរួមចំណែក គាំពារសង្គមនៅកម្ពុជា

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កោតសរសើរចំពោះបេសកកម្មរបស់ អង្គការមូលនិធិកុមារកម្ពុជា (CCF) ថាពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយគាំពារសង្គមនៅកម្ពុជា ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរគម្រប់ខួបលើកទី២០ឆ្នាំ របស់អង្គការមូលនិធិកុមារកម្ពុជា (CCF) នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៤ ។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានសម្រេចចូលរួមគាំទ្រដល់សកម្មភាពរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលមានដែលលោកស្កុត នីសុន (Scott Neeson) ជាប្រធាន អស់រយៈពេលជាង ១០ ឆ្នាំ មកហើយ ដោយបានមើលឃើញថា អង្គការនេះបានជួយបណ្ដុះបណ្ដាលកុមារ និងអ្នកបាត់បង់ឱកាសជាច្រើននាក់ ឱ្យមានជំនាញ វិជ្ជាជីវៈច្បាស់លាស់ និងឱកាសបន្តការសិក្សាកម្រិតឧត្តមសិក្សា ទាំងក្នុង និងក្រៅប្រទេស ដើម្បីមានរបរចិញ្ចឹមជីវិត ព្រមទាំងមានអ្នកខ្លះត្រឡប់មកជួយដល់ការងាររបស់មូលនិធិវិញ ផងដែរ ។

លោកជំទាវបណ្ឌិត តែងបានអញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខដល់ក្មួយៗកុមារ និងលោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ តាមរយៈការងារមនុស្សធម៌ ការនាំយកក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោចុះជួយពិគ្រោះ និងព្យាបាលជំងឺ ការភ្ជាប់ជាមួយសមាគមកាយប្ញទ្ធិនារីកម្ពុជា និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត។

លោកជំទាវបណ្ឌិត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិ ជាពិសេស អាណត្តិទី៧នេះ បានកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ដែលមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ការអភិវឌ្ឍមូលធនមនុស្សជាកិច្ចការសំខាន់មិនអាចខ្វះបាន ដោយរាជរដ្ឋាភិបាលបានកំណត់ការយកចិត្តទុកដាក់លើសកម្មភាពចំនួន៥រួមមាន៖ ទី១. ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, ទី២. ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស, ទី៣. ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌ និងបរិយាបន្ន។

ក្នុងន័យនេះ អង្គការមូលនិធិកុមារកម្ពុជា បានចូលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្សនេះ ដោយបានចាប់ផ្ដើមជួយចិញ្ចឹមថែរក្សាកុមារកម្ពុជា ដែលជួបការលំបាក តាំងពីមានចំនួន ៤៥នាក់ រហូតដល់បច្ចុប្បន្នមានចំនួនប្រមាណ ១.០០៨នាក់ ដើម្បីទទួលបានការជួយកសាងអនាគតរុងរឿងមួយដល់ពួកគេ។

លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះបេសកកម្មរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយគាំពារសង្គមនៅកម្ពុជា។

លោកជំទាវបណ្ឌិត បានអំពាវនាវដល់គ្របភាគីពាក់ព័ន្ធទាំងអស់ បន្តជួយគាំទ្រសកម្មភាពរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) និងជួយលើកកម្ពស់វិស័យមនុស្សធម៌ឱ្យកាន់តែមានសកម្មភាពខ្លាំងក្លាថែមទៀត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner