រថភ្លើងបុកឡានក្រុង ប៉េរូ ស្លាប់និងរបួស ៤០នាក់
លីម៉ា៖ មនុស្សយ៉ាងតិច ចំនួន៤នាក់បានស្លាប់ និង៣៦នាក់ផ្សេងទៀត បានរងរងរបួស នៅក្នុងគ្រោះថ្នាក់រថភ្លើងដឹកទំនិញ និងរថយន្តក្រុងដឹកអ្នកដំណើរបុកគ្នា នៅប្រទេសប៉េរូ កាលពីថ្ងៃអាទិត្យ។
យោងតាមអាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅឯចំណុចផ្លូវដែកកាត់ទទឹងផ្លូវជាតិមួយកន្លែង នាភាគខាងកើត នៃរដ្ឋធានីលីម៉ា។
នគរបាលបានប្រាប់ថា តំបន់នោះ មានការកំណត់ល្បឿន និងដាក់សញ្ញាថា ជាផ្លូវមានរថភ្លើងឆ្លងកាត់។ រថយន្តក្រុងបានចេញដំណើរ ពីទីក្រុង Lima ប៉ុនប៉ងធ្វើដំណើរ ទៅកាន់ទីក្រុង Huancayo។
ក្រសួងដឹកជញ្ជូន និងគមនាគមន៍ បានអះអាងថា មូលហេតុនៃគ្រោះថ្នាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែបានបញ្ជាក់ថា ទំាំងរថភ្លើង និងឡានក្រុង គឺជាកម្មសិទ្ធិឯកជន ហើយសុទ្ធតែមានច្បាប់អនុញ្ញាត ទាំងអស់។
ជាទូទៅ គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានញឹកញាប់ នៅប្រទេសប៉េរូ មានដូចជា ការបើកបរហួសល្បឿនកំណត់, ផ្លូវមិនល្អ, ខ្វះផ្លាកសញ្ញាចរាចរណ៍ ជាដើម។ ៧០ភាគរយនៃគ្រោះថ្នាក់ គឺដោយសារតែកត្តាមនុស្ស ដូចជា អសមត្ថភាពរបស់អ្នកបើកបរ ឬ អស់កម្លាំងពេលបើកបរ។
កាលពីចុងសប្តាហ៍ កន្លងទៅមួយ មានមនុស្ស ១៩នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុរថយន្តក្រុងពីរគ្រឿងបុកគ្នា។ កាលពីឆ្នាំ២០២៣ ប្រទេសស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ មានមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន៣១៣០នាក់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត